khmer eng
  • លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញ​ជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពល និងសារុង ចែកជូនប្រជាពលរដ្ឋក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ រួមជាមួយ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងលោកជំទាវ យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពល និងសារុងជូនប្រជាពលរដ្ឋចំនួន៦១៧គ្រួសារ មកពី៥ភូមិក្នុងឃុំបឹង ស្រុកបារាយណ៍ ដោយមានការអញ្ជើញចូលរួមពីសាខាសមាគមនារី ថ្នាក់ខេត្តអនុសាខាសមាគមនារី ថ្នាក់ស្រុក និងអាជ្ញាធរ ភូមិ ឃុំ ស្ថិតនៅវត្តបឹងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
    មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថា្នក់ដឹកនាំព្រឹទ្ធសភា។ លោកជំទាវ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូអត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីសៀម ។
    លោកជំទាវ បានគូសបញ្ជាក់ថា ការចែកចង្ក្រានសន្សំសំចៃថាមពលជូនបងប្អូននា
    ពេលនោះ គឺដើម្បីឱ្យយើងទាំងអស់គ្នាចូលរួមសន្សំសំចៃថាមពល និងការការពារបរិស្ថាន ការពារសុខមាលភាព និងចូលរួមចំណែកក្នុងការកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ អំណោយដែលចែកជូននាពេលនោះ ចង្ក្រានសន្សំសំចៃថាមពលចំនួន៦១៧គ្រឿង បានមកពីការឧបត្ថម្ភរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល និង សារុងចំនួន៦១៧សារុង បានមកពីការឧបត្ថម្ភរបស់លោកជំទាវ ម៉ាណ ណាវី ។ ក្នុងនោះ ប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបាន ចង្ក្រានសន្សំសំចៃថាមពលចំនួន១ និងសារុងចំនួន១ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់អនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក។

    ប្រភព៖ ជំនួយ​ការ​លោកជំទាវ ឃួន ឃុនឌី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម