khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖  កម្ពុជាត្រូវការកាហ្វេ ១០ ០០០តោន/ឆ្នាំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានជួបពិភាក្សានិងសម្របសម្រួលឱ្យសមាគមកាហ្វេកម្ពុជា (មានសមាជិកជា កសិករ ហាងកាហ្វេ គ្រឹស្ថានអប់រំ ដូចជា វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សាលកវិទ្យាល័យភូមិន្ទកសិកម្មចំការដូងជាដើម) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុន នីលីដា និងអង្កការ CAPRED ធ្វើការជាមួយគ្នាដើម្បីជំរុញការផលិតនិងការកែច្នៃកាហ្វេក្នុងស្រុកបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ។
    ឯកឧត្តមបណ្ឌិត បានលើកឡើងថា ទំហំនៃការនាំចូលកាហ្វេមកកម្ពុជាមានប្រមាណ ១០ ០០០តោន/ឆ្នាំ ដែលទំហំនេះត្រូវការផ្ទៃដីដាំដុះចំនួន៥ ០០០ហិកតា (ទិន្នផលប្រហែល២តោន/ហិកតា)។ ដូចនេះ កម្ពុជាគួរតែពង្រីកផ្ទៃដីដាំដុះកាហ្វេយ៉ាងហោចណាស់ពី៥ ០០០-១០ ០០០ហិកតា ដើម្បីធានាតម្រូវក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។
    ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ក្នុងបរិបទដែលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានផ្តល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ព្រោះ បញ្ហានេះ បានធ្វើឱ្យប្រជាជន មាននិន្នាការងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស ហើយការកែច្នៃផលិតផលក្នុងស្រុកក៏កើនឡើងយ៉ាងគំហុក ដែលនេះជាចំណុចសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
    ឯកឧត្តមបណ្ឌិត ក៏បានទឹកចិត្តឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សហការគ្នាក្នុងការផ្តល់ឥណទានក្នុងកម្រិតអត្រាការប្រាក់សមស្រប ដល់សហគ្រាសធនតូចនិងមធ្យម ក៏ដូចជា សមាជិកសមាគមកាហ្វេកម្ពុជា ដើម្បីជំរុញផលិតកម្មក្នុងស្រុក ជាពិសេសការទទួលបានឥណទានផ្លូវការសម្រាប់ប្រើជាទុនក្នុងការបង្កើតឬពង្រីកអាជីវកម្ម និងលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលខ្មែរបន្ថែមទៀតផង  ដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុននីលីដា ក្នុងផ្គត់ផ្គង់ជីកសិកម្ម ដែលមានគុណភាពនិងតម្លៃសមរម្យ ហើយឯកឧត្តមបណ្ឌិត ក៏លើកទឹកចិត្តឱ្យ CAPRED សិក្សាស្រាវជ្រាវជួយដល់សហគ្រាសធុនតូចនិងមធ្យមលើឧស្សហកម្មកាហ្វេ និងកែច្នៃម្ហូបអាហារ ដូចជាការកែច្នៃទឹកខ្ទិះស្វាយចន្ទី (Cashew Milk) ដែលមានលទ្ធភាពពង្រីកបរិមាណច្រើនក្នុងរយៈខ្លី ជំនួសទឹកគោបាន។ 
    នៅក្នុងឱកាសនោះ សមាគមកាហ្វេកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង  ក្រុមហ៊ុននីលីដា ផងដែរ។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម