នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីការអភិវឌ្ឍ ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក…។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពររស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋានឃុំ។ ក្នុងនោះ ឯកឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថមដល់អ្នកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ៕
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន