khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-អ៉ិស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកងមាស
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ (ខេត្តកំពង់ចាម និងខេត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុម អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរ-អ៉ិស្លាម ប្រមាណជាង៤០០គ្រួសារ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងជម្រាបជូនពីសភាពការណ៍ដែលបាន និងកំពុងកើតមាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខកម្ពុជានៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបានក្រាញននាល តស៊ូពុះពារគ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃដោយកងទ័ពថៃ។ ឯកឧត្តម បានគូសបញ្ជាក់ថាការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបង្កឡើងដោយអំពើឈ្លានពាននេះ បានប្រែក្លាយជាកម្លាំងចលករ ជំរុញឱ្យកម្លាំងមហាសាមគ្គី និងឯកភាពជាតិកាន់តែរឹងមាំខ្លាំងក្លាថែមទៀត រួបរួមគ្នាជុំវិញសម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
    ទន្ទឹមនឹងអបអរសាទរបុណ្យរ៉ាម៉ាឌន ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានមានប្រសាសន៍ថា ទោះជាបងប្អូនមាននិន្នាការនយោបាយ ជំនឿសាសនាផ្សេងៗគ្នាយ៉ាងណាក៏ដោយ តែកុំភ្លេចថាខ្លួនយើងទាំងអស់គ្នាមានឈាមជ័រតែមួយគឺខ្មែរ ដែលចាំបាច់ត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាព រួមគ្នាការពារជាតិមាតុភូមិ និងតម្កល់ខ្ពស់បំផុតនូវផលប្រយោជន៍ប្រទេសជាតិជាងអ្វីៗទាំងអស់។
    ឯកឧត្តម ប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវឱ្យសិស្សានុសិស្សខ្មែរ-អ៊ិស្លាម ទាំងអស់ខិតខំរៀនសូត្រដើម្បីយកចំណេះដឹង និងមុខជំនាញ ដើម្បីចូលរួមចំណែកក៏សាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សមស្របតាមពាក្យស្លោក ទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិនាពេលអនាគត។
    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានស្ដីទីព្រឹទ្ធសភា បានរំឭកឱ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នចំពោះការឃោសនា អុជអាលបំបែកបំបាក់សង្គមជាតិ ពីសំណាក់ពួកជនអគតិមួយចំនួនតូច ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់របស់ខ្លួន ដែលជាគ្រោះហានិភ័យចំពោះអនាគតប្រទេសជាតិ និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានពួតដៃគ្នា ថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សាយ បូរិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិស្នាកណ្តាល និងសមិទ្ធផលនានា នៅខេត្តត្បូងឃ្មុំ
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ព្រះវិហារ​ និងទីតាំងសាងសង់សាលារៀន​ ព្រមទាំង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​
    thumbnail
     
    ឯកឧត្ដម សាន់ ឡាទីន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃការិយាល័យអប់រំគ្រូបង្រៀនខ្មែរអ៉ិស្លាមខេត្តក្រចេះ និងលោកគ្រូ អ្នកគ្រូ
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញទទួល​អាហារ​ពេលព្រឹក​ និង​ចែកជូន​ថវិកា​មួយចំនួន​ដល់​កុមារា​ កុមារី​ភៀសសឹក​ ​មកពី​ភូមិ​ព្រៃ​ចាន់​ និងភូមិ​ជោគជ័យ​ នៃខេត្ត​បន្ទាយ​មានជ័យ​
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមសន្និសីទលើកទី៥ នៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ (NAM PN)