នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តសង្ក្រាន្តឆ្នាំថ្មី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរជ័យសិរីសួស្ដីពីសំណាក់ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ និងនិស្សិត ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដោយបញ្ជាក់ថា ឯកឧត្តម នៅតែរក្សានូវក្តីស្រឡាញ់ ការនឹករលឹក និងចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អៗជាមួយសហការីទាំងអស់នៅវិទ្យាស្ថាន។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន ជាពិសេសការសម្រេចបាននូវសមិទ្ធផល ដូចជា ទឹកដោះគោ ទឹកដោះចន្ទី ជាដើម។ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ ឱ្យវិទ្យាស្ថានបន្តសិក្សាស្រាវជ្រាវលើការផលិតពូជដំណាំ ជាពិសេសដំណាំកាហ្វេ និងកាកាវ ព្រមទាំងជំរុញជំនាញកែច្នៃចំណីអាហារ (Food Processing) ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់យោបល់ឱ្យវិទ្យាស្ថាន បន្តប្រឹងប្រែងស្រាវជ្រាវ កែលំអសោភណភាព និងបង្កើតសេវាថ្មីៗបន្ថែមទៀតសម្រាប់និស្សិត និងសហគមន៍។ក្នុងឱកាសចូលឆ្នាំថ្មីនេះ ឯកឧត្តមបណ្ឌិត ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងនិស្សិតទាំងអស់ សូមឱ្យទទួលបាននូវពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ខុទ្ទកាល័យឯកឧត្ដម អនុប្រធានទី២ព្រឹទ្ធសភា