រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ រួមគ្នាផលិត និងរួមគ្នាប្រើផលិតផលជាតិខ្មែរ ដែលបានដំណើរការចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅអគារពាណិជ្ជកម្មកោះពេជ្រ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អមដោយសហការី រួមទាំងឧកញ្ញ៉ា តែ តាំងប៉ បានជួបសំណេះសំណាលជាមួយពាណិជ្ជករ និងសហគ្រិនខ្មែរ នៅតាមស្ដង់ទំនិញ ប្រកបដោយមោទនភាព និងសុទិដ្ឋិនិយម ព្រមទាំងលើកទឹកចិត្តឱ្យសហគ្រិន និងពាណិជ្ជករទាំងអស់ ពង្រីកការផលិតប្រកបដោយគុណភាព អនាម័យ និងតម្លៃសមស្រប ជាពិសេស លើកទឹកចិត្តឱ្យប្រើប្រាស់។
ឯកឧត្តម ក៏បានអំពាវនាវដល់មហាជន អោយប្រើផលិតផលខ្មែរជាតង្វាយ ឬកាដូនៅក្នុងពិធីផ្សេងៗ។
ក្នុងឱកាសចូលឆ្នាំថ្មីនឹងមកដល់ខាងមុខនេះ ឯកឧត្តមបណ្ឌិត ក៏បានប្រសិទ្ធពរជ័យសិរីសួស្ដី ជ័យមង្គល ជូនដល់ពាណិជ្ជករ សហគ្រិន និងប្រជាជនខ្មែរទាំងអស់ ជួបប្រទះពរដ៏ថ្លៃថ្លាប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្ដម អនុប្រធានទី២ព្រឹទ្ធសភា