khmer eng
  • ឯកឧត្តម ឡាយ សំកុល ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានបេសកកម្មថ្មីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបឯកឧត្តម Kensuke NAGASE អនុប្រធានបេសកកម្មថ្មី និងសហការីនៃស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនានាដែលជាផលប្រយោជន៍រួម។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអបអរសារទរចំពោះការចូលបំពេញការងារការទូតរបស់ឯកឧត្តម Kensuke NAGASE ជាអនុប្រធានបេសកកម្មថ្មី និងបានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹកទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលកាន់តែជិតស្និទ្ធ និងល្អប្រសើរ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីត្រូវបានលើកកម្ពស់ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។ បន្ថែមពីនេះ ឯកឧត្តមបានជម្រាបជូនអនុប្រធានបេសកកម្មអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន ដើមនីតិកាលទី៥នេះ សំដៅជំរុញបន្ថែមកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។
    ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ក៏បានរម្លឹកឡើងវិញនូវលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជប៉ុន នៅកម្ពុជាក្នុងពេលកន្លងទៅថ្មីៗនេះ និងការជួបសម្តែងការគួរសមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោប្រធានព្រឹទ្ធសភា ជាពិសេសទស្សនកិច្ចរបស់ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅកម្ពុជា ស្របពេលដែលកម្ពុជាទាំងមូលកំពុងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
    មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអំពីការវិវឌ្ឍថ្មីៗនៅកម្ពុជា និងបានពន្យល់អំពីសកម្មភាពក្រុមជនអគតិ ដែលបានធ្វើសកម្មភាពញុះញង់ អុជអាល ផ្សព្វផ្សាយព័ត៌មានមិនពិត បំបែកបំបាក់សង្គមជាតិ និងការប៉ុនប៉ងបំផ្លិចបំផ្លាញសាមគ្គីភាព ឯកភាពជាតិ ស្ថិរភាព ការអភិវឌ្ឍ និងសន្តិភាពដែលកម្ពុជាដណ្តើមបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតវាងវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែនស្ថាបនិកសន្តិភាពដ៏ឆ្នើមគ្មានពីរ ដើម្បីវឌ្ឍនភាពសង្គម និងភាពសម្បូររុងរឿងរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់បន្ថែមអំពីគោលដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺដើម្បីបង្កើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់សេដ្ឋកិច្ច សម្រាប់ខេត្តទាំង៤ នៅតាមព្រំដែនរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការ CLV-DTA នេះមិនត្រឹមតែបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែក្លាយតំបន់ព្រំដែនដាច់ស្រយាលឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
    ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម Kensuke NAGASE សន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាប្រយោជន៍នៃប្រទេស និងប្រជាជនយើងទាំងពីរ៕

    អត្ថបទ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៣ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនផលិតជីសរីរាង្គ មកពីប្រទេសម៉ាឡេស៊ី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា ក្នុងឱកាសដ៏មង្គលសួស្តី នៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ឆ្នាំ២០២៥
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ថ្នាក់ដឹកនាំនាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ក្នុងឱកាសដ៏មង្គលសួស្តី នៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ឆ្នាំ២០២៥
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១