ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០

នៅថ្ងៃពុធទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានលុចសំបួនៃព្រឹទ្ធសភាបារាំង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកផ្លូវការនៃសម័យប្រជុំប្រចាំឆ្នាំសភាប្រើភាសាបារាំង លើកទី៥០ ក្រោមអធិបតីភាព ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង។ នាវេលាថ្ងៃដដែល ឯកឧត្តម និងគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដោយបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅស្តីពី បញ្ហាប្រជាធិបតេយ្យ ក៏ដូចជាបញ្ហាប្រឈមរួមដែលបណ្តាប្រទេសជាសមាជិកនៃសភាប្រើភាសាបារាំងបាននឹងកំពុងជួបប្រទះជាពិសេសស្ថានភាពនយោបាយនៅក្នុងទ្វីបអាហ្រ្វិក។ ជាមួយគ្នានេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយ ឯកឧត្តម Vincent ÉBLÉ សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងឡាវ និងឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំងផងដែរ។
ប្រភព៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន