ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិក CAPPD បានចូលរួមនៅក្នុងសន្និសីទសមាជិកសភាអាស៊ីស្តីពីការអប់រំសម្រាប់ជីវិត សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ដែលប្រព្រឹត្តទៅនៅរដ្ឋសភានៃប្រទេសជប៉ុន នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។
ក្នុងកំឡុងពេលចូលរួមសន្និសីទ ឯកឧត្តមបានចូលរួមដឹកនាំកិច្ចពិភាក្សាស្តីពីក្របខណ្ឌច្បាប់ និងគោលនយោបាយនៅក្នុងការអនុវត្ត បញ្ជូលមុខវិជ្ជា ការអប់រំអំពីផ្លូវភេទគ្រប់ជ្រុងជ្រោយ (comprehensive sexuality education-CSE) ទៅក្នុងកម្មវិធីសិក្សានៅតាមបណ្តាប្រទេសជាសមាជិក ដូចជា អូស្រ្តាលី ញូវហ្សីលែន ហ្វីលីពីន ជប៉ុន ឥណ្ឌូនេស៊ី និងអ្នកជំនាញក្នុងតំបន់ ដែលបានអនុវត្តការងាររបស់ខ្លួនក្នុងការជំរុញឱ្យរដ្ឋាភិបាលបញ្ចូលមុខវិជ្ជា CSE ទៅក្នុងកម្មវិធីសិក្សា និងធ្វើយ៉ាងណាពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។
សម្រាប់បទពិសោធន៍របស់ប្រទេសជប៉ុន “ការអប់រំសុវត្ថិភាពជីវិត” ដែលផ្សព្វផ្សាយដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) មានគោលបំណងលុបបំបាត់ឧក្រិដ្ឋកម្មផ្លូវភេទ និងអំពើហិង្សាផ្លូវភេទ ក៏ដូចជាជួយដល់កុមារ និងយុវជនឱ្យយល់ពីតម្លៃនៃជីវិត ដោះស្រាយការយល់ខុស និងអាកប្បកិរិយាដែលនាំទៅរកអំពើហិង្សាផ្លូវភេទ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីផលប៉ះពាល់នៃអំពើទាំងនេះ។
សន្និសីទនេះជាវេទិកាសម្រាប់សមាជិកសភា និងអ្នកជំនាញមកពីបណ្តាប្រទេសអាស៊ីដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាតិ គំនិតផ្តួចផ្តើមច្បាប់ និងគោលនយោបាយ និងឧទាហរណ៍ជាក់ស្តែងទាក់ទងនឹងការអប់រំសុវត្ថិភាពជីវិត ឬកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះ ដែលនៅកម្ពុជា យើងបានបញ្ចូលទៅក្នុង មុខវិជ្ជាអប់រំសុខភាព។ គោលបំណងគឺដើម្បីធានាថាកុមារ និងយុវជនធំឡើងនៅក្នុងបរិយាកាសដែលពួកគេអាចទទួលបានចំណេះដឹង និងជំនាញចាំបាច់ដើម្បីដឹកនាំជីវិតប្រកបដោយសុខភាពល្អ ការទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ។ តាមរយៈការវិភាគប្រៀបធៀបនៃវិធីសាស្រ្ត និងការផ្លាស់ប្តូរទស្សនៈ ការពិភាក្សានឹងឧត្តមានុវត្តន៍ បានបង្ហាញពីការប្តេជ្ញាចិត្តនិងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការអនុវត្ត CSE ពេញលេញ ក៏ដូចជាឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តជាសកល ICPD PoA។