នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង អង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមភូមិសាស្ត្រនៃអាស៊ានបូកបី (ASEAN+3) ដែលដឹកនាំដោយប្រធានប្រតិភូសភាសិង្ហបុរី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដែលដឹកនាំដោយប្រធានប្រតិភូសភាចិន ដែលកិច្ចប្រជុំទាំងនេះពាក់ព័ន្ធនឹងមហាសន្និបាតនៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ សមាសភាពអមឯកឧត្តម ងី ច័ន្ទ្រផល រួមមាន លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ រដ្ឋសភា, ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រដ្ឋសភា, ឯកឧត្តម វ៉ា វាសនា នាយកខុទ្ទកាល័យរងឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងមន្ត្រីអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា និងរដ្ឋសភា។
កិច្ចប្រជុំបានពិភាក្សាលើរបាយការណ៍ស្តីពីការរងាររបស់ក្រុមអាស៊ានបូកបី និងសកម្មភាពការងាររបស់សមាជិកនៃក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) នៅចន្លោះសម័យ មហាសន្និបាតនៃសហភាពអន្តរសភា (IPU) លើកទី១៥០ កាលពីខែមេសា មកត្រឹមខែតុលា ឆ្នាំ២០២៥ នេះ។ អង្គប្រជុំបានសម្រេចលើបេក្ខភាពដើម្បីបំពេញកន្លែងទំនេរនៃគណៈកម្មាធិការផ្សេងៗក្នុងក្របខ័ណ្ឌ IPU ដើម្បីដាក់ជូនមហាសន្និបាតនៃសហភាពអន្តរសភាលើកទី១៤៩ ដែលនឹងត្រូវបោះឆ្នោតសម្រេចនៅមហាសន្និបាត។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមសម្របសម្រួលសភាតំបន់អាស៊ី ដែលដឹកនាំដោយប្រធានសភាអាស៊ែបៃហ្សង់ ដែលជាប្រធានសភាអាស៊ី។ កិច្ចប្រជុំនេះ ផ្តោតលើការជម្រុញឱ្យមាន កិច្ចពិភាក្សា និងរកដំណោះស្រាយដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់តាមរយៈការពង្រឹងទំនាក់ទំនងការទូតសភា ជាពិសេសក្នុងកាលៈទេសៈពិភពលោកកំពុងប្រឈមនឹងអស្ថិរភាព នយោបាយ និងសន្តិសុខ។
ក្នុងឱកាសកិច្ចប្រជុំទាំង ៣ ខាងលើ ពាក់ព័ន្ធសំណើរសេចក្តីព្រាងសេចក្តីសម្រេចសម្រាប់របៀបវារៈបន្ទាន់ នៃមហាសន្និបាតនៃសហភាពអន្តរសភា អំពីការពង្រឹងសកម្មភាពសភាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមអ៊ីនធើណិត ខណៈប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ (Strengthening parliamentary action against transnational cybercrime while upholding humanitarian principles) គណៈប្រតិភូកម្ពុជា បានលើកសង្កត់ធ្ងន់ថា ដើម្បីធានាភាពជឿជាក់ មានប្រសិទ្ធភាពក្នុងការអនុវត្ត និងមានលក្ខណៈបរិយាបន្ន កម្ពុជាសូមស្នើឱ្យជំរុញកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចខាងលើ ដើម្បីឆ្លុះបញ្ចាំងគោលការណ៍មិនលំអៀង មិនមានគោលដៅបម្រើជានយោបាយ និងមានភាពជាសាកល។ ការកែសម្រួលនេះ មហាសន្និបាត នឹងរៀបចំបាននូវសេចក្តីសម្រេចចិត្តមួយ ដែលបង្កើតរួបរួមសហប្រតិបត្តិការ ជាជាងការបំបែកបំបាក់គ្នា នៅក្នុងបេសកកម្មរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ និងប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរនៃមនុស្សជាតិ។ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានស្នើបញ្ចូលបេក្ខភាពរបស់កម្ពុជា ក្នុងគណៈកម្មាធិការតាក់តែងសេចក្តីសម្រេចសម្រាប់របៀបវារៈបន្ទាន់។
ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ