នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ប៊ីចេង១កញ្ចប់ ភួយ១ និង ថវិកាចំនួន ៤ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ ឲ្យយកចិត្តទុកដាក់គ្រប់គ្រងថែទាំប្រជាពលរដ្ឋ និងបានអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឲ្យខិតខំថែទាំសុខភាព អនាម័យ ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និង ការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយទោ ឈឹម ខ្មៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកែប លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាខេត្តកែប លោកប្រធាន-សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្រុកដំណាក់ចង្អើរ លោកមេឃុំពងទឹក និងលោកអនុប្រធានភូមិចំការបីផងដែរ។