នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ ព្រឹទ្ធសភា ) ដឹកនាំដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី១ រដ្ឋសភា) បានអញ្ជើញជាអធិបតីភាពក្នុងជំនួបផ្លាស់ប្តូរបទពិសោធន៍ និងសហប្រតិបត្តិការការងារ រវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយគណៈកម្មការទី១រដ្ឋសភា ។ ពិធីជំនួបនេះ ប្រព្រឹត្តទៅរយៈពេល១ព្រឹក ដោយមានការធ្វើបទបង្ហាញពីឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា។ បទបង្ហាញរបស់ឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិទ្ធិ និងករណីយកិច្ច។ បទបង្ហាញរបស់ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីការងារពាក្យបណ្តឹង និងទស្សនាវីដេអូឃ្លីប ស្តីពីយន្តការទទួលពាក្យបណ្ដឹងរបស់ព្រឹទ្ធសភា។ បទបង្ហាញរបស់លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពីសកម្មភាពនានា និងទស្សនារូបភាពសកម្មភាព និងទស្សនាវីដេអូឃ្លីប ពិធីចុះហត្ថលេខានៃការយោគយល់គ្នារវាងគណៈកម្មការទី១ព្រឹទ្ធសភា ជាមួយក្រុមមេធារីស្ម័គ្រចិត្តសម្តេចតេជោសែន។ ក្រោយពីបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាយ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចនឹងធ្វើកិច្ចសហប្រតិបត្តិការលើការងារចំនួន០៦ គឺ៖ ទី១- ការរៀបចំទិវាសិទ្ធិមនុស្ស ទិវាកុមារ ទិវាសិទ្ធិនារី ទិវាមនុស្សចាស់ ទិវាជនពិការ។ ទី២- ការចុះមូលដ្ឋានរួមគ្នាក្នុងពេលតែមួយ(បើអាច)។ ទី៣- កិច្ចការពាក្យបណ្តឹង លើអ្នកប្តឹងពីបុគ្គលដដែលៗ។ ទី៤- រៀបចំឱ្យមានតេឡេក្រាមជាមួយគ្នា ដើម្បីចែករំលែក ក៏ដូចជាផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក។ ទី៥- រួមគ្នា និងធ្វើទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ការរិយាល័យឧត្តម ស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដោយសម្លេងតែមួយ និងទី៦- ទស្សនកិច្ចដកពិសោធន៍នៅក្រៅប្រទេសរួមគ្នា ដោយទំនាក់ទំនងជាមួយអង្គការជាតិ អន្តរជាតិ ដើម្បីជួយគាំទ្រ នូវដំណើរបេសកកម្មនេះ។ ពិធីជំនួបខាងលើនេះ មានការអញ្ជើញចូលរួមផ្ទាល់ពីអនុប្រធាន លេខាធិការ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការទី១រដ្ឋសភា ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទាំង៨ និងមន្ត្រីពាក់ព័ន្ធ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា និងតាមប្រព័ន្ធនិម្មិត (Zoom) សរុបចំនួន៣៣រូប៕