នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន សរុប ៦៤នាក់ នៅសាលប្រជុំសាលាខណ្ឌចំការមន រាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលនេះ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី (អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន