ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ ដែលជាអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ (មណ្ឌលកុមារកំព្រារដ្ឋ បណ្ឌលកុមារកំព្រាជ្រៃជុំ សមាគមផ្ទះជាក្រុមភូមិរបស់យើង មណ្ឌលបណ្តុះបណ្តាល និងថែរក្សាសុខភាព) ដោយមានការអញ្ជើញចូលរួមពីកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។
អំណោយ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងកុមារកំព្រាចំនួន២៥០នាក់នាពេលនោះរួមមាន៖ អង្ករចំនួន០៣តោន ទឹកត្រីចំនួន៥០យួរ ទឹកស៊ីអ៊ីវចំនួន៥០យួរ មីចំនួន១០កេសធំ សម្លៀកបំពាក់បុរស់-នារី ចំនួន១៤កេស អាវក្រាស់(រងា) ចំនួន០៥កេស មួកស្បែកជើង ចំនួន០២កេស ដោយឡែកចំពោះកុមារកំព្រាចំនួន២៥០នាក់ ក្នុងម្នាក់ៗទទួលបានកាបូប ចំនួន០១ សៀវភៅ០២ក្បាល់ ប៊ិច០១ដើម ខ្មៅដៃ០១ដើម ជ័រលុប០១ បន្ទាត់០១ និងថវិកាចំនួន១ម៉ឺនរៀង៕
ប្រភព៖នាយកដ្ឋានព័ត៌មាន