នាថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៤ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។ ២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។ ៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ៖ ១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិដោយបន្ថែមមាត្រា៣ស្ទួន ២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ ៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិល អន្តរជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។ ៤-កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំពេញអង្គលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២-ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ ៣-ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ ១-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរ-ជាតិ ដោយបន្ថែមមាត្រា៣ស្ទួន ២-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ៣-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ។
សេចកី្តប្រកាសព័ត៌មាន សី្តពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២