គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តមណ្ឌលគិរី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការអនុវត្ដច្បាប់នានាពាក់ព័ន្ធនឹងវិស័យជំនាញរបស់គណៈកម្មការទី៥ព្រឹទ្ធសភា មានដូចជា៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារ និងការត្រួតពិនិត្យប័ណ្ណឬសៀវភៅការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា វិទ្យុ ទូរទស្សន៍ កាសែត ព័ត៌មានអនឡាញ (TV, Facebook) ទស្សនាវដ្តី ព្រមទាំងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តមណ្ឌលគិរី។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ