ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៨ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ នាឱកាសមហាកុសលនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ភូ ធៀន ព្រមទាំងញាតិកាទាំងប្រាំពីរសន្តាន ជាពិសេសជូនចំពោះដួងវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំព្រឹទ្ធសភា អតីតសមាជិក សមាជិកាព្រឹទ្ធសភា ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិតបាននាំយកនូវទេយ្យទាន គ្រឿងបរិក្ខារផ្សេងៗ និងបច្ច័យមួយចំនួនវេរប្រគេនដល់ព្រះសង្ឃនាឱកាសនោះផងដែរ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន