នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់្រជុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១៧ជំពូក និង២៥៧មាត្រា មានគោលបំណង៖ -ជំរុញការធ្វើសមាហរណកម្មនិងពិពិធកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយអនុលោមតាមច្បាប់ ពាណិជ្ជកម្មអន្តរជាតិ។ -ជំរុញការបំពេញបន្ថែមនូវថាមវន្តក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាមឯកទេសភាវូបនីយកម្មនិងសក្តានុពលដែលមានស្រាប់រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម តាមរយៈការបង្កើតនូវបរិយាកាសអំណោយផល សុវត្ថិភាព និងភាពអាចប៉ាន់ប្រមាណបាន សម្រាប់ ជំរុញនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ -លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការអនុវត្តនូវវិធានពាណិជ្ជកម្ម និងវិនិយោគរបស់ភាគីទាំងពីរនិងការជំរុញនវានុវត្តន៍លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ -បង្កើតជាក្របខ័ណ្ឌសម្រាប់ពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងលើកកម្ពស់កាលានុវត្តភាពថ្មីសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មនិងទាក់ទាញការវិនិយោគ សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក។ -ចូលរួមបង្កើនផលិតភាព គុណភាព និងលើកកម្ពស់ការប្រកួតប្រជែង សម្រាប់ផលិតផលទំនិញនិងសេវា តាមរយៈការផ្តល់ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម។ -ជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារថ្មីៗ ពិសេសទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិក។ -ចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ភាពធន់ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន