នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឹម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី និងជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន១៦នាក់ ដោយមានការអញ្ជើញចូលរួមដោយ លោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក សរុបចំនួន២៩នាក់ នៅសាលប្រជុំសាលាស្រុកពញាឮ ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងអំណរគុណដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវប្រធាន បានសំណូមពរឱ្យលោកស្រីនាងកញ្ញាជាអង្គបោះឆ្នោតទាំងអស់ យកចិត្តទុកដាក់រក្សាសុខភាព និងសុវត្ថិភាព ដើម្បីបានបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
ជាទីបញ្ចប់ លោកជំទាវប្រធានបានជូនអង្គបោះឆ្នោតនូវក្រមាត្បាញនៅមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ខេត្តពោធិ៍សាត់ ក្នុងម្នាក់ក្រមា១ និងថវិកាចំនួន៥០,០០០រៀល និងជូនលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកជាថវិកាក្នុងម្នាក់ចំនួន២០,០០០រៀល សរុបថវិកាចំនួន១, ៤០០,០០០រៀល។
នាពេលរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវប្រធានបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៃមូលនិធិប៉ាយសួយឡាវយ៉ិនកម្ពុជា នៅកសិដ្ឋានលោកព្រឹទ្ធាចារ្យវេជ្ជបណ្ឌិត វ៉ាង ស៊ិនម៉ឹង ភូមិដំណាក់ត្រាច សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ដែលប្រារព្ធកម្មវិធីចែកអំណោយជូនបងប្អូនដែលជួបការលំបាកក្នុងជីវភាពចំនួន១២០គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋស្រុកពញាឮចំនួន៣០គ្រួសារ និងប្រជាពលរដ្ឋក្រុងឧដុង្គម៉ែជ័យ ចំនួន៩០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹស៊ីអ៉ីវ១យួរ ស្ករស៤គីឡូក្រាម អំបិល៣គីឡូក្រាម ប្រេងឆា៤ដប និងក្រមាម្នាក់១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវប្រធាន និងមូលនិធិប៉ាយសួយឡាវយ៉ិនកម្ពុជា។
ប្រភព៖ លេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃ អ.ពស
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន