khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងកំណត់ទិសដៅការងារខែមេសា ឆ្នាំ២០២៥
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងកំណត់ទិសដៅការងារខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន។
    ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជាការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចូលរួមរំលែកទុក្ខ ពិធីបុណ្យសព និងពិធីបញ្ចុះសពបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ ។
    បន្ថែមពីលើទិសដៅការងារដែលមាននៅក្នុងខ្សែវីដេអូបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រៀមផ្តល់សេវាលើមុខងារនីតិកម្ម ដោយត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បើកសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៥ ព្រមទាំងតាមដានការងារជាមួយនឹងរដ្ឋសភា ពាក់ព័ន្ធនឹងការបញ្ជូនសេចក្តីព្រាងច្បាប់មកព្រឹទ្ធសភា ព្រមទាំងការរៀបចំសមាជរួមគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ អង្គភាពពាក់ព័ន្ធត្រៀមបន្តផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ចុះបំពេញមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងការអញ្ជើញចូលរួមពិធីបួងសួងសុំសេចក្តីសុខ និងពិធីបើកអង្គរសង្រ្គាន នៅខេត្តសៀមរាប។
    ចំពោះការផ្តល់សេវាលើមុខងារសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងរៀបចំកិច្ចការពាក់ព័ន្ធនឹងជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនឹងឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បាននិងកំពុងរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសវៀតណាម ប្រទេសឥណ្ឌូណេស៊ី និងប្រទេសទីម័រឡេស្តេ ផងដែរ។
    ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធរៀបចំគម្រោងថវិកាសម្រាប់ឆ្នាំ២០២៦ និងបានអញ្ជើញមន្រ្តីរាជការទាំងអស់ចូលរួមពិធីសូត្រមន្ត និងពិធីពិសាអាហារជួបជុំមន្រ្តីរាជការ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
    មុននឹងបញ្ចប់ ឯកអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលមួយខែកន្លងទៅនេះ បានល្អបរសើរ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បំពេញមុខងាររបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ន និងប្រទេសជាតិ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម