khmer eng
  • ព្រឹទ្ធសភាប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
     
    ចែករំលែក ៖

    ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាយ៉ាងច្រើនកុះករ។
    ពិធីសូត្រមន្តចម្រើនព្រះបរិត្តរៀបចំឡើងដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩។
    ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងប្រគេនចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម  សម្តេចស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា ដែលធ្លាប់បានបំពេញការងារជាសមាជិក សមាជិកាព្រឹទ្ធសភា ចាប់តាំងពីការកកើតព្រឹទ្ធសភាដំបូងរហូតមកដល់បច្ចុប្បន្ន និងដែលបានចែកឋានទៅកាន់លោកខាងមុខទាំងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ។
    បន្ទាប់ពីពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនាបានចប់សព្វគ្រប់រួចមក ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញទស្សនាការសម្តែងរបាំត្រុដិយ៉ាងសប្បាយរីករាយ។
    សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ទេវធីតាឆ្នាំថ្មីព្រះនាង «គោរាគៈទេវី» នឹងយាងចុះមកនាវេលាម៉ោង០៤:៤៨នាទីព្រឹក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម