ឯកឧត្តមបណ្ឌិត គឹម ធា និងឯកឧត្តម ឈួន ឡេង អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥” នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
អាទិត្យ, ១៣ មេសា ២០២៥, ០៩:១៩ ព្រឹក

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៥” នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។ ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍កំសាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ…។ល៕