
នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស បាន ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាថាតើគួរធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឬទេ។ ក្រោយពីបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្រាវជ្រាវទាក់ទងប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា និងបណ្តាប្រទេសផ្សេងៗនៅ អាស៊ី អឺរ៉ុប និងអាម៉េរិក អង្គប្រជុំបានសម្រេចជាឯកច្ឆន្ទ ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភា។ ការធ្វើវិសោធនកម្មនេះ ជួយ ពង្រឹងគណនេយ្យភាព និងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់សមាជិកព្រឹទ្ធសភានៅតាមមូលដ្ឋានរបស់ខ្លួន។
គណៈកម្មការពិសេស នឹងបន្តប្រឹក្សាយោបល់ជាមួយសមាជិកព្រឹទ្ធសភា មកពីគ្រប់គណបក្សនយោបាយ ក្នុងគណៈកម្មការជំនាញទាំង១០ និងភូមិភាគទាំង៨។
ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន