នារសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (GLS) ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ បានអញ្ជើញនាំយកអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមាន ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារអាមេរិក សម្រាប់រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) ជូនរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
សូមជម្រាបថា គម្រោងជំនួយមនុស្សធម៌ទាំងអស់នេះ គឺជាសមិទ្ធផលប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន