នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន ឃុំពង្រ និងឃុំស្វាយជ្រុំ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សរុបចំនួន២៨នាក់។ ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាឃុំពង្រ និងនៅសាលាឃុំស្វាយជ្រុំ ដែលមានគោលបំណងសំខាន់ចំនួន២គឺ៖ទី១.ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន។ ទី២.ដើម្បីជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។ ក្នុងឱកាសនេះផងដែរ លោកជំទាវ មាន សំអាន បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន