លោកជំទាវ កង សៅរ៍ធន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់មកពីក្រុងច្បារមន និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ






នារសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កង សៅរ៍ធន សមាជិកក្រុមសមាជិកាព្រឹទ្ធសភ បានអញ្ជើញជួបសំណេះ សំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ មកពី៥សង្កាត់នៃក្រុងច្បារមន ចំនួន៥នាក់ និងស្រុកភ្នំស្រួច ចំនួន១៤នាក់ សរុបចំនួន១៩នាក់ នៅសាលាឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកជំទាវសមាជិកក្រុមសមាជិកាព្រឹទ្ធសភា បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំក្នុងស្រុកទាំងពីរ ប្រកបដោយសេចក្តីនឹករលឹក។
សូមជម្រាបថា ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ និងស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម សំណូមពររបស់ក្រុមប្រឹក្សាឃុំ និងប្រមូលផ្តុំតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលពាក់ព័ន្ធនឹងស្ត្រី រាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីមានវិធានការដោះស្រាយតាមលទ្ធភាព និងសមត្ថកិច្ច ព្រមទាំងចូលរួមលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ បង្កើនភាពអង់អាចដល់ស្ត្រី និងបរិយាបន្ន នៅក្នុងរបៀបវារៈកំណើនសេដ្ឋកិច្ច កិច្ចគាំពារសង្គម និងអភិបាលកិច្ចល្អ ។