ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំជាស្រ្តី មកពី១០ឃុំ ក្នុងស្រុកក្រគរ










ពង្រឹងពង្រីកការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំជាស្រ្តី មកពី១០ឃុំ នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួមសរុបចំនួន៣៤នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំជាស្រ្តីមានចំនួន១៥ នាក់ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងដើម្បីជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំជាស្ត្រី ។
ក្នុងឱកាសផងដែរ លោកជំទាវ មាន សំអាន បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំជាស្ត្រីទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់ ។