នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពថៃ កាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៦៧ឆ្នាំ។
ឯកឧត្តមបណ្ឌិត បានពាំនាំនូវពាក្យពេចន៍ និងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ អ៊ុក ស៊ុនរ៉ានី និងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។
ឯកឧត្តមបណ្ឌិត សន ពៅ ក៏បានចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសព និងឧទ្ទិសដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមឧត្តមសេនីយ៍ឯក ដួង សំនៀង យោនយកកំណើតនាឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា