នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការសង្រ្គោះវេជ្ជសាស្ត្រអន្តរជាតិប្រចាំនៅកម្ពុជា (IMR) និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ក្នុងខណ្ឌជ្រោយចង្វារ នៅវត្តឥន្ទពិសី សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ក្នុងនាមសមាជិកព្រឹទ្ធសភាកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណចំពោះលោកស្រី Shauna King ស្ថាបនិក IMR និងសមាជិកក្រុម IMR ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលនេះ។ ឯកឧត្តម ក៏បានថ្លែងថា កម្ពុជាពិតជាមានសំណាងក្នុងចំណោមប្រទេសទាំង៩០ ដែល IMR ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះដែរ ឯកឧត្តម បានលើកសំណើចំពោះ IMR ចំនួនពីរដូចខាងក្រោម៖
-ទី១: សូមផ្តោតបេសកកម្មបន្ទាប់ ទៅលើសហគមន៍ងាយរងគ្រោះនៅក្នុងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ។
-ទី២: កំណត់គោលដៅពិនិត្យ និងព្យាបាលអ្នកជំងឺឱ្យបានដល់អ្នកទី ១ ០០០ ០០០ ក្នុងខេត្តព្រះវិហារ ដែលមានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកប្រធានាធិបតី Donald Trump នូវគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ។ ទន្ទឹមមនឹងនោះដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះមេដឹកនាំ និងប្រជាជននៃប្រទេសម៉ាឡេស៊ី និងចិន សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធានាបទឈប់បាញ់ ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
ឯកឧត្តម ក៏បានលើកឡើងថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅ នូវមិត្តភក្ដិបរទេស និងថៃ មកកាន់តំបន់ជម្លោះ ដើម្បីធានាតម្លាភាព និងអនុញ្ញាតឱ្យពិភពលោកបានឃើញការពិត។
ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន