ឯកឧត្តម ងី ច័ន្ទ្រផល ទទួលជួបជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្តឹង
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានទទួលជួបជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្តឹងឈ្មោះ មឿង ជុំ មកពីភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង អញ្ជើញមកថ្លែងអំណរគុណចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានជួយអន្តរាគមន៍ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោះស្រាយបណ្តឹងរបស់គាត់ទទួលបានជោគជ័យ ដោយរូបគាត់នឹងទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានមានមតិអបអរសាទរ ចំពោះលោក មឿង ជុំ និងអរគុណចំពោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ តាមរយៈលិខិតរបស់ព្រឹទ្ធសភា។