នាថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល សរុបចំនួន៩៧នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុម បានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីដំណើរការប្រព្រឹត្តទៅនៃព្រឹទ្ធសភា នីតិកាលទី៥ និងតួនាទីភារកិច្ច សមត្ថកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច ។ បន្ទាប់មកលោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទងប្រធានបទ «ប្រព័ន្ធគាំពារសង្គម» ។
ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយនិងថវិកាជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕
ប្រភព៖នាយកដ្ឋានព័ត៌មាន