នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកពញាឮ ខេត្តកណ្តាល សរុបចំនួន១១៨នាក់ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «វិស័យកសិកម្ម, ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំបារម្ភ ហើយអត់ធ្មត់ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ-ធិបតី ក្នុងការការពារទឹកដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃ។ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុម ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ទាក់ទងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និងលោកជំទាវ សួស សារ៉ាម សមាជិកាក្រុម ជម្រាបអំពីប្រធានបទ «ប្រព័ន្ធគាំពារសង្គម»។ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយនិងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕
ប្រភព៖នាយកដ្ឋានព័ត៌មាន