នៅព្រឹកថ្ងៃទី២០ និងព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនទី១៣ និងទី១៤ ប្រពៃណីជាតិខ្មែរ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសាររបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិជួរមុខ ចំនួន ៣០០គ្រួសារមកពីឃុំមរកត ឃុំយាង ឃុំទឹកក្រហម និងឃុំស្រអែម នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងតំណាងវីរយុទ្ធជនការពារប្រាសាទតាមាន់ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អំណោយដែលបាននាំយកមកនាពេលនោះ រួមមាន៖ គ្រឿងឧបភោគ បរិភោគ ឱសថ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀតជាច្រើន ព្រមទាំងនាំយកនូវថ្នាំពេទ្យមួយចំនួនធំប្រគល់ជូនមណ្ឌលសុខភាពបង្អែកឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។មានប្រសាសន៍សំណេះសំណាលដាច់ដោយឡែកពីគ្នា ឯកឧត្តមប្រធានស្ដីទី ព្រឹទ្ធសភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែយកចិត្ទទុកដាក់ចំពោះសុខទុក្ខ របស់វីរយុទ្ធជនដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំតស៊ូក្រាញននៀល ការពារទឹកដីមាតុភូមិកម្ពុជា និងជីវភាពរស់នៅរបស់បងប្អូន អ៊ំ ពូ មីង កូនក្មួយ និងចៅៗ ទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារអំពើឈ្លានពានរបស់កងទ័ពសៀម។ជាមួយគ្នានេះ ឯកឧត្តមប្រធានស្ដីទី បានវាយតម្លៃខ្ពស់ និងសម្តែងនូវគារវកិច្ចចំពោះវីរភាពអង់អាចក្លាហានមោះមុតរបស់វីរយុទ្ធជន ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត តស៊ូហាលថ្ងៃ ហាលភ្លៀង បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនក្នុងសមរភូមិជួរមុខដ៏អង់អាចក្លាហាននៅតាមព្រំដែន សូមជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ កម្ចាត់បច្ចាមិត្តឈ្លានពានឱ្យវិនាសអន្តរាយ។ជាមួយនឹងការសម្តែងនូវមនោសញ្ចេតនាជាភាតរៈ រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋឯកឧត្តមប្រធានស្ដីទី បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហារជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងមួយ នៅគ្រប់ស្រទាប់សង្គមជាតិ គាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈជួយដល់សមរភូមិមុខ ក្នុងការការពារទឹកដីមាតុភូមិកម្ពុជា វាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពានឈ្លៀនពានរបស់ពួកទ័ពសៀម។ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាពប្រកបដោយចីរភាពជូនប្រជាជនទាំងពីរគឺ កម្ពុជា និងថៃ។ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងប្រជាពលរដ្ឋមកពីឃុំទាំង ៤ នៃស្រុកជាំក្សាន្ត តំណាងមណ្ឌលសុខភាពបង្អែកឃុំស្រយង់ និងតំណាងវីរយុទ្ធជននៅសមរភូមិ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយនឹងវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស និងប្តេជ្ញាដាច់ខាតវាយឱ្យបរាជ័យរាល់ការការប៉ុនប៉ងរំលោភឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន