នារសៀលថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា និងមានការយាងចូលរួមពី សម្តេចព្រះរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ អំណោយ និងថវិកាមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់បែកចង្កោម នៅស្រុកជាំសាន្ត និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ។
លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីបារម្ភខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងបានជូនពរសូមឱ្យប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ឆាប់បានជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ និងបានវិលត្រឡប់ទៅជួបជុំគ្រួសាវិញ។
ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន និងគណៈប្រតិភូ បានផ្តល់ព្រះរាជអំណោយ អំណោយ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន