ក្នុងពិធីសំណេះសំណាលជាមួយសមាជិក៦៤នាក់ នៃក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានផ្តល់យោបល់ថា គ្រប់មូលដ្ឋានក្នុងរាជាធានីភ្នំពេញ ត្រូវប្រកួតគ្នាដើម្បីទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ ដែលកិច្ចការអាទិភាពចំពោះមុខគឺការរៀបចំសណ្ដាប់ធ្នាប់ក្រុង និងគ្រប់គ្រងយ៉ាងណាកុំឱ្យមានការឆបោកតាមអនឡាញ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌប្ញស្សីកែវ ដែលខិតខំបំពេញការងារបានយ៉ាងល្អកន្លងមក។ ខណ្ឌនេះមានទីតាំងជាប់ទន្លេសាប និងផ្លូវជាតិលេខ៥ ដែលផ្ដល់សក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលនៃលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម។ ឯកឧត្តមបណ្ឌិត បានផ្ដល់យោបល់ឱ្យអាជ្ញាធរខណ្ឌនិងសង្កាត់ បន្តខិតខំទាក់ទាញ និងបង្កភាពងាយស្រួលដល់វិនិយោគិនលើផ្នែកទេសចរ និងអ្នកប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាសោភណភាពតាមដងផ្លូវ។
មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបណ្ឌិត បានបញ្ជាក់ផងដែរថា កត្តាសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំរបស់ជាតិ សុខសន្តិភាព ការទាក់ទាញទេសចរ និងវិនិយោគិន គឺជាអាទិភាពនៃវឌ្ឍនភាពរបស់ជាតិយើង និងប្រជាជនយើងប្រាថ្នាចង់បាន។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន