khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ។
    ក្នុងជំនួបនោះ លោកជំទាវប្រធាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ ប្រកបដោយក្តីនឹករលឹកជាទីបំផុត។ ជាមួយគ្នានេះ លោកជំទាវប្រធានបានជម្រាបជូនអំពីគោលបំណងជួបពិភាក្សានាពេលនេះ ដើម្បីប្រមូលបាននូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ផ្តល់ជាយោបល់ទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចដោះស្រាយ។
    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគោរពអំណរគុណចំពោះគណៈកម្មការទី៨ព្រឹទ្ធសភា ដែលយកចិត្តទុកដាក់គិតគូរអំពីបញ្ហាប្រឈមនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការអនុវត្តច្បាប់ និងគោលនយោបាយនានា ព្រមទាំងជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងការអភិវឌ្ឍរីកចម្រើន រួមទាំងបញ្ហាផ្សេងៗមួយចំនួនរបស់ខេត្ត។
    លោកជំទាវប្រធាន បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំពោះការផ្តល់សេវាសាធារណៈ ការចូលរួមថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅរួមចំណែករក្សាបានស្ថេរភាពនយោបាយដ៏ល្អប្រសើរ។
    លោកជំទាវ បានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការ បន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងទៅអនាគត និងសូមបង្កើនចំនួនស្រ្តីក្នុងជួររដ្ឋបាលសាធារណៈ ដើម្បីជួយសម្រួលក្នុងការដោះស្រាយវិវាទផ្សេងៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា