នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅសាលាខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានជម្រាបអំពីមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា រួមមាន៖ មុខងារនីតិកម្ម, មុខងារតាមដានការអនុវត្តច្បាប់, មុខងារតំណាង, មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន។ ឯកឧត្តមបណ្ឌិតបានបន្តថា គណៈកម្មការទាំង១០ របស់ព្រឹទ្ធសភា គឺជាយន្តការស្នូលជួយទ្រទ្រង់ដល់ដំណើរការអនុវត្តមុខងាររបស់ព្រឹទ្ធសភា និងមានមុខងារសំខាន់៣ គឺ៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្តល់ព័ត៌មាន។
ឯកឧត្តមបណ្ឌិតប្រធានបានបញ្ជាក់ថា គោលបំណងនៃដំណើរបេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី៣ នាពេលនេះ ដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅក្នុងខេត្តកំពត មានដូចជា៖
១.ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងាររបស់ខេត្ត
២.ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន
៣.បញ្ហាប្រឈម និងសំណូមពររបស់ឃុំ សង្កាត់ ទាក់ទងនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងភូមិឃុំ សង្កាត់មានសុវត្ថិភាព
៤.ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា
៥.ស្វែងយល់អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈមនានា។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្វាគមន៍ និងជម្រាបជូនអំពីវឌ្ឍនភាពនៃខេត្តកំពត ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានប្រែក្លាយខ្លួនជាប៉ូលទេសចរណ៍ដ៏សំខាន់តាមរយៈការអភិវឌ្ឍរមណីយដ្ឋាន និងឆ្នេរកម្សាន្តថ្មីៗ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជា កំពង់ផែពហុបំណង និងកំពង់ផែទេសចរណ៍អន្តរជាតិ ដែលជំរុញវិស័យដឹកជញ្ជូន និងទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ខេត្តកំពតនៅតែរក្សាបាននូវតួនាទីជាមជ្ឈមណ្ឌលផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ប្រទេស និងជាមោទនភាពនៃកសិផល GI ល្បីឈ្មោះដូចជា ម្រេច និងទុរេន ដែលរួមចំណែកបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ។ ជារួម ខេត្តកំពតកំពុងវិវត្តន៍ប្រកបដោយតុល្យភាព ពីខេត្តកសិកម្ម ទៅជាខេត្តដែលរួមបញ្ចូលគ្នារវាងឧស្សាហកម្មធុនធ្ងន់ និងសេវាកម្មទេសចរណ៍កម្រិតខ្ពស់។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបន្តដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការតែម្តង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានជូនសាច់ក្រកចម្រុះ ចំនួន១០កេស ស្មើនឹង១០០គីឡូក្រាម សៀវភៅស្តីពីវិថីក្រាលមាស ចំនួន៥ក្បាល និងវត្ថុអនុស្សាវរីយ៍ចំនួន១ ផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន