នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ Global Life Sharing និងអំណោយរបស់វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ថ្នាក់ដឹកនាំ និងសហការីនៃវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នៅសាលាខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង។
អំណោយនាំយកប្រគល់ជូននាឱកាសនោះ រួមមាន៖ ឱសថសម្រាប់ព្យាបាលជំងឺទូទៅ មានទំហំទឹកប្រាក់ប្រមាណជាង មួយលាន ប្រាំសែនដុល្លារអាម៉េរិក កុំព្យូទ័រយួរដៃចំនួន១៣គ្រឿង ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅមូលដ្ឋានខេត្តស្វាយរៀង ឱ្យបានកាន់តែប្រសើរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន