នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលភក្តីភិក្រម៣ នៃព្រឹទ្ធសភា ក្រុមសមាជិកភូមិភាគទាំង៨ គណៈកម្មការជំនាញទាំង១០ ក្រុមសមាជិកា និងគណៈកម្មការក្រមសីលធម៌សភា នៃព្រឹទ្ធសភា បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារចន្លោះសម័យប្រជុំលើកទី៤ និងទី៥ នៃព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិត សង្កេតឃើញថា ចន្លោះសម័យប្រជុំព្រឹទ្ធសភាកន្លងមក គ្រប់ភូមិភាគ គណៈកម្មការ និងសមាជិកព្រឹទ្ធសភាទាំងអស់ បានយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយមនសិការ ការយកចិត្តទុកដាក់ខ្ពស់ និងមនុស្សធម៌ ដូចជាការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាជននៅតាមភូមិភាគរៀងខ្លួន។ លើសនេះទៅទៀត ឯកឧត្តម លោកជំទាវ បានបំពេញការងារហួសពីភូមិភាគរបស់ខ្លួន ដូចជាការចុះជួយជនភៀសសឹក និងកងកម្លាំងនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងការឧបត្ថម្ភប្រកបដោយទឹកចិត្តសប្បុរស របស់ឯកឧត្តម និងលោកជំទាវ។ រីឯការពាក់ព័ន្ធបញ្ហាព្រំដែនខ្មែរ-ថៃ អ្វីៗដែលកម្ពុជាបានធ្វើរហូតមក គឺដើម្បីការពារខ្លួនសុទ្ធសាទ និងដើម្បីសន្តិភាពជាមួយប្រទេសជិតខាង។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា អំឡុងពេលដែលរាជរដ្ឋាភិបាល កំពុងធ្វើការដ៏សកម្មគ្រប់យ៉ាង គឺដើម្បីនាំយកមកវិញនូវសន្តិភាពតាមព្រំដែនខ្មែរ-ថៃ ដូច្នេះសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវបន្តគិតគូរ និងធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព និងវិបុលភាពរួមយូរអង្វែង។ ការអភិវឌ្ឍសេដ្ឋកិច្ចព្រំដែន ត្រូវផ្តោតលើការលើកកម្ពស់ជីវភាព សុខភាព និងសមត្ថភាពរបស់ប្រជាជនរស់នៅតាមព្រំដែន។
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ សមាជិកព្រឹទ្ធសភាចាំបាច់ត្រូវ៖ ១)ធ្វើការជិតស្និទ្ធជាមួយមន្ត្រីរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដើម្បីឈានទៅដល់ការកសាងច្បាប់ថ្មី និងការកែសម្រួលគោលនយោបាយ និងច្បាប់ ២)ជំរុញ និងលើកទឹកចិត្តដល់សាកលវិទ្យាល័យនានា ឱ្យខិតខំបន្តសិក្សាស្រាវជ្រាវបន្ថែមទាំងផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ៣)បើកចំហទទួលយកយោបល់ និងគំនិតផ្តួចផ្តើមនានា ដើម្បីកែសម្រួល និងបង្កើតផលិតផល ឬសេវាថ្មីៗឱ្យបានច្រើនថែមទៀត។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន