នាថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលនៃសាធារណរដ្ឋម៉ូរីស (Maurice) ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិនៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ក្រោមអធិបតីភាព លោក Joël GODIN តំណាងរាស្រ្តសហព័ន្ធកាណាដា និងជាប្រធានគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង ដោយមានសមាសភាព ចូលរួមពីក្រុមសភាជាតិនីមួយៗនៅក្នុងក្របខ័ណ្ឌសភាប្រើភាសាបារាំង៖ កម្ពុជា,កាណាដា, កូតឌីវ័រ, កេបិច, បារាំង,ម៉ារ៉ុក, ម៉ូរីស, សេណេហ្គាល់, លុចសំបួ, ស្វ៊ីស និងអង្គភាពអភិបាល- គណៈកម្មការមហាសមុទ្រឥណ្ឌា។
ពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ Shirin Auneeruddy-CZIFFRA ប្រធានរដ្ឋសភាម៉ូរីស និងលោក Joël GODIN ។ នៅក្នុងខ្លឹមសារនៃ សុន្ទរកថាបើក ឥស្សរជនទាំងពីរបានសង្កត់លើខ្លឹមសារដូចតទៅ៖
ពីមុន ទោះបីយើងរស់នៅក្នុងពិភពខុសៗគ្នាក៏ដោយ តែជាភពមួយ ដែលសន្តិភាពមានវិសាលភាពធំធេង និងជាកន្លែងមានពហុភាគីនិយម សិទ្ធិបុគ្គល និងសមភាពរវាងស្រ្តី និងបុរស មានការរីកចម្រើន និងជាភពមួយ ដែលលទ្ធិប្រជាធិបតេយ្យបានប្រព្រឹត្តដោយត្រឹមត្រូវ ហើយសមាជិកសភាមិនត្រូវបានចោទប្រកាន់នៅក្នុងមុខងាររបស់ខ្លួន ហើយមិនត្រូវបានគេមើលស្រាលនៅលើបណ្តាញសង្គមផងដែរ។
បច្ចុប្បន្ននេះ ស្ថានភាពភូមិសាស្រ្តនយោបាយបានផ្លាស់ប្តូរ។ ភេវរកម្មកើតឡើងសារជាថ្មី។ សង្រ្គាម និងជម្លោះ បង្កើតផលវិបាកជាសកល ហើយបានបង្កើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យស្ថានភាពអន្តរជាតិនៃបេសកកម្មសមាជិកសភាមានការលំបាកយ៉ាងក្រៃលែង។
បន្ទាប់ពីពិធីបើក លោក Joël GODIN បានដឹកនាំកិច្ចប្រជុំ។ នៅក្នុងរបៀបវារៈស្តីពី បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ ឯកឧត្តម អ៊ុ សារឹទ្ធ បានមានប្រសាសន៍ដូចតទៅ៖
១-នៅឆ្នាំ២០២៥ ក្រុមសភាជាតិកម្ពុជានៃAPF បានវិវត្តនៅក្នុងបរិបទដ៏លំបាកតាមរយៈភាព តានតឹងភូមិសាស្រ្តនយោបាយ និងការឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យភាព
កម្ពុជា។ ទោះបីស្ថានភាពដ៏លំបាកនេះ ក្រុមសភាជាតិកម្ពុជានៃAPF បានរក្សាប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអធិបតេយ្យជាតិ ដោយពង្រឹងការទូតសភា និងពង្រឹងចំណងជាមួយប្រជាពលរដ្ឋ ជាអាទិ៍បេសកកម្មចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយអំពើឈ្លានពាន។ ស្របពេលនេះដែរ ក្រុមសភាជាតិកម្ពុជានៃAPF បានគាំទ្រទំនើបកម្មស្ថាប័ន និងតួនាទីសភានៅក្នុងអភិបាលកិច្ច ព្រមទាំងការត្រៀមរៀបចំយ៉ាងសកម្មនូវជំនួបហ្រ្វង់កូហ្វូនដ៏ធំនៅឆ្នាំ២០២៦។
២-នៅក្នុងកម្រិតនយោបាយ និងស្ថាប័ន សភាកម្ពុជាបានតាមដានសកម្មភាពគាំទ្រយ៉ាងសកម្ម សំដៅធានាសេ្ថរភាពនយោបាយ និងទំនើបកម្មនៅក្នុងក្របខ័ណ្ឌគតិយុត្តតាមរយៈការកែទម្រង់ និងការអនុម័តច្បាប់ជាយុទ្ធសាស្រ្ត។ ម្យ៉ាងវិញទៀត ការពង្រឹងមុខងារតំណាង និងការបង្កើនជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដែលបានរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ និងតម្លាភាពនៃសកម្មភាពសាធារណៈ។
៣-ក្រុមសភាជាតិកម្ពុជានៃAPF បានពង្រឹងសមត្ថភាពសមាជិកសភាតាមរយៈការរៀបចំសិក្ខាសាលាដោយលើកកម្ពស់នីតិរដ្ឋ និងអភិបាលកិច្ចប្រកបដោយតម្លាភាព។ ក្រុមសភាជាតិកម្ពុជានៃAPF បានតាមដានកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការលើកកម្ពស់ភាសាបារាំង។
៤-នៅឆ្នាំ២០២៦ មានជំនួបហ្រ្វង់កូហ្វូនចំនួន០២ ៖ ការទទួលរៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ថ្ងៃទី៣ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែលបង្កើតយុទ្ធសាស្រ្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិកសភាហ្រ្វង់កូហ្វូន និងលើកកម្ពស់តម្លៃសន្តិភាព ប្រជាធិបតេយ្យ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
៥-មួយផ្នែកទៀត ការទទួលរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦បង្ហាញឱកាសយ៉ាងធំធេងសម្រាប់ពង្រីកវិសាលភាពនៃហ្រ្វង់កូហ្វូនីនៅអាស៊ី។ ការត្រៀមរៀបចំនេះ ផ្តោតលើការច្នៃប្រឌិត ការអភិវឌ្ឍយូរអង្វែង និងតម្លៃបេតិកភ័ណ្ឌវប្បធម៌របស់ជាតិ។
ជារួម នៅឆ្នាំ២០២៥ បានបង្ហាញភាពធន់ និងសមត្ថភាពបត់បែនរបស់ក្រុមសភាជាតិ កម្ពុជានៃAPF ចំពោះបញ្ហាប្រឈមមុខទៅនឹងវិស័យសន្តិសុខ និងការទូតដ៏ចម្បង។ ការប្តេជ្ញាចិត្តដ៏សកម្មរបស់ក្រុមសភាជាតិកម្ពុជានៃAPFស្របទៅនឹងតួនាទីនៅក្នុងការលើកកម្ពស់នៃ ការទូតសភា។ សម្រាប់ឆ្នាំ២០២៦ អាទិភាពនឹងលើកអំពីភាពជោគជ័យនៃព្រឹត្តិការណ៍ចម្បងហ្រ្វង់កូហ្វូន ការគោរពនីតិអន្តរជាតិ ការពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ សភាកម្ពុជានៅតែជាតួអង្គប្តេជ្ញាចិត្តខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន