នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ម្ដាយបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយទុក្ខព្រួយ និងសោកសង្រេងនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានធ្វើអភិវន្ទនកិច្ចចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវម្ដាយបង្កើត ម្ដាយក្មេក ជីដូន និងជីទួត ដែលជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងមានព្រហ្មវិហារធម៌ដ៏ល្អប្រពៃ អប់រំ ទូន្មាន កូន ចៅ ឱ្យក្លាយជាធនធានដ៏មានតម្លៃ និងមានកិរិយាមារយាទថ្លៃថ្នូរសម្រាប់សង្គមជាតិ។ លើសពីនេះ មរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលតែងតែគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា និងមានស្នាដៃជាច្រើនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ និងជួយឧបត្ថម្ភគាំទ្រក្នុងព្រះពុទ្ធសាសនានៅកម្ពុជា។ សូមឧទ្ទិសបួងសួងគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន