នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារចំនួន ៧៧ នាក់ នៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អួត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកបាធាយ ព្រមទាំង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ ថ្នាក់ដឹកនាំនៃស្រុកបាធាយ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិ សរុបជាង១០០នាក់។ក្នុងកិច្ចសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជម្រាបជូនពីសភាពការណ៍ជុំវិញសកម្មភាពឈ្លានពានរបស់ថៃ មកលើបូរណៈភាពទឹកដីកម្ពុជា និងសុឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ឯកឧត្តម បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះការរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ចាម ដែលបានផ្តល់នូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិ និងបងប្អូនប្រជាជនភៀសសឹក ព្រមទាំងបានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ បន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិមួយចំនួន ជាពិសេសសកម្មភាពរបស់ជនក្បត់តជំនាន់ ព្រមទាំងពង្រឹងមហាសាមគ្គីជាតិកាន់តែរឹងមាំថែមទៀត នៅក្នុងកាលៈទេសៈដែលប្រទសជាតិមាតុភូមិកំពុងប្រឈមនឹងហានិភ័យនៃអំពើឈ្លានពានរបស់ប្រទេសថៃ។ជាទីបញ្ចប់ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើង បង្កឡើងដោយសង្រ្គាមនៅមជ្ឈិមបូព៌ា និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក បន្តអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបញ្ហាគ្រឿងញៀន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន