នារសៀលថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ថៃ អ៊ឹងខាហ៊ាង ត្រូវជាម្តាយក្មេករបស់ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលបានទទួល មរណភាព កាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង០០:៥៨នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយទុក្ខសោកដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ប្រាក់ ដាវីដ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃបំផុត។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ថៃ អ៊ុងខាហ៊ាង បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន