អគ្គលេខាធិការដ្ឋាន
ព្រឹទ្ធសភាមានអគ្គលេខាធិការដ្ឋានមួយ ទទួលបន្ទុកធ្វើកំណត់ហេតុរបស់ព្រឹទ្ធសភា គណៈកម្មការអចិន្រ្តៃយ៍ និងគណៈកម្មការនានារបស់ព្រឹទ្ធសភា។ អគ្គលេខាធិការដ្ឋាននេះ ទទួលរ៉ាប់រងរាល់កិច្ចការរដ្ឋបាល សន្តិសុខ និងសេវាទាំងឡាយរបស់ព្រឹទ្ធសភា ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅព្រឹទ្ធសភា ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ប្រធានព្រឹទ្ធសភា ។
អគ្គលេខាធិការដ្ឋាន ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងមានអគ្គលេខាធិការរងជាជំនួយការ។
អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវជ្រើសរើសក្នុងចំណោមមន្រ្តីជាន់ខ្ពស់ ដែលមានបទពិសោធន៍ក្នុងកិច្ចការសភា ឫរដ្ឋបាលយ៉ាងតិច១០ឆ្នាំ ហើយដែលមិនមែនជាសមាជិកព្រឹទ្ធសភា និងមិនមែនជាអ្នកដឹកនាំគណបក្សនយោបាយ។
អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើររបស់ប្រធានព្រឹទ្ធសភា ក្រោយពីបានឯកភាពជាមួយអនុប្រធានទី១ និងអនុប្រធានទី២ ។
អគ្គលេខាធិការ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ។
អគ្គលេខាធិការរង មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ។
បុគ្គលិកទាំងអស់របស់ អគ្គលេខាធិការដ្ឋាន ត្រូវតែងតាំងដោយដោយប្រធានព្រឹទ្ធសភា ស្របតាមច្បាប់ស្តីពីលក្ខន្តិៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។
ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយមានការចូលរួមពីតំណាងគណៈកម្មការនានាព្រឹទ្ធសភា មានភារកិច្ចពិនិត្យ និងលើយោបល់ក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីសុំការយល់ព្រមពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាពិនិត្យ សម្រេច ហើយបញ្ជូន សេចក្តីស្នើថវិកានោះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិតាមការតំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហរិញ្ញវត្ថុសាធារណៈ។
រាល់ការចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវមានតម្លាភាព និងធានាផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងសមធម៌ជូនព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ។
បែបបទថវិការបស់ព្រឹទ្ធសភា ត្រូវកំណត់ដោយសេចក្តីសម្រេចប្រចាំឆ្នាំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលខុសត្រូវធ្វើរបាយការណ៍ចំណាយថវិកាព្រឹទ្ធសភានៅរាល់ ៦ខែម្តង និងក្នុងរាល់ដំណាច់ឆ្នាំ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យសម្រេច ក្រោយពីមានវាយតម្លៃ និងសេចក្តីសន្និដ្ឋានពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភាផង លើកលែងតែរបាយការណ៍ទូទាត់ថវិកាដំណាច់ឆ្នាំ ក្រោយពីគណៈកម្មាធិការអចិន្រ្តៃយ៍ពិនិត្យសម្រេច ហើយត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំបញ្ជូនក្នុងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ ។
អត្ថបទពាក់ព័ន្ធ ៖
តួនាទីភារកិច្ច និងសមត្ថកិច្ចព្រឹទ្ធសភា