រចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
-អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
ក-រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយក០១រូប និងមានអគ្គនាយករងជាជំនួយការ។ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុមាន ០៦នាយកដ្ឋាន និង០១អង្គភាព ចំណុះ។នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធាន០១រូប និងមានអនុប្រធានជាជំនួយការ។
ខ-តួនាទី
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានតួនាទីជាសេនាធិការរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការផ្តល់សេវាផ្គត់ផ្គង់ មធ្យោបាយធនធាន ថវិកា សម្ភារៈ ផាសុកភាព បរិស្ថានការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ផលប្រយោជន៍ផ្សេងៗ គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សអោយមានវិជ្ជាជីវៈច្បាស់លាស់ និងឈានទៅដល់កម្រឹតឯកទេស គ្រប់គ្រងរដ្ឋបាលទំនើប ប្រព័ន្ធសន្ដិសុខទំនើប ព្រមទាំងកសាងផែនការ សរុប ជូនសមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។
គ-ភារកិច្ច
-
- កសាងផែនការយុទ្ធសាស្ត្រ យុទ្ធសាស្ត្រថវិកា ថវិកាកម្មវិធី និងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ព្រមទាំងសម្របសម្រួលការអនុវត្តថវិកា។
- កសាងថវិកា កម្មវិធីប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋាន។
- ផ្គត់ផ្គង់មធ្យោបាយ ធនធានទីកន្លែងធ្វើការជូនដល់សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងបរិវេណ ព្រឹទ្ធសភា។
- រៀបចំនិងគ្រប់គ្រងការងារ តាមបែបរដ្ឋបាលអេឡិកត្រូនិក និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។
- គ្រប់គ្រងសេវាបរិស្ថាន អនាម័យនានា សោភ័ណ្ឌភាព និងសុខមាលភាពជូនសមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
- ផ្តល់សេវាសង្គមកិច្ចជូនដល់សមាជិកព្រឹទ្ធសភា មន្ត្រីរាជការ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ។
- គ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមប្រព័ន្ធព័ត៌មានវិទ្យា។
- អនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
- កសាងគោលនយោបាយ និងគោលការណ៍នានាសម្រាប់គ្រប់គ្រង និងជាគុណប្រយោជន៍ជូនសមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
- គ្រប់គ្រងការអនុវត្តថវិកា និងសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋព្រឹទ្ធសភាតាមប្រព័ន្ធ ព័ត៌មានវិទ្យា (FMIS)។
- រៀបចំផែនការការងារ និងតម្រង់ទិសដែលត្រូវអនុវត្តរបស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
- ផលិតរបាយការណ៍លទ្ធផលការងាររបស់ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងផ្សព្វផ្សាយ។
- ធានាការគ្រប់គ្រងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងបរិវេណព្រឹទ្ធសភា អោយបានពេញលេញតាមរយៈការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីសន្ដិសុខ ព្រមទាំងបំពាក់ឧបករណ៍ទំនើប ។
- បំពេញការងាររដ្ឋបាល និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ធនធានមនុស្ស និងសម្ភារៈ។
- គ្រប់គ្រងបណ្ដុះបណ្ដាលមន្ត្រីបុគ្គលិក និងអភិវឌ្ឍវិស័យជំនាញរបស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រងការអនុវត្តបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ គោលនយោបាយ និងសេចក្ដីសម្រេចផ្សេងៗ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
- គ្រប់គ្រងបណ្ដាញ Network និងប្រព័ន្ធរក្សាទុកទិន្នន័យ (NAS) របស់អគ្គនាយកដ្ឋាន។
- បំពេញការងារផ្សេងៗទៀត ដែលថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានប្រគល់ឲ្យ។
-អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ
ក-រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចែកចេញជានាយកដ្ឋាន និងអង្គភាពចំណុះចំនួន០៤គឺ៖ នាយកដ្ឋានព័ត៌មាន នាយកដ្ឋានព័ត៌មានវិទ្យា(ICT) បណ្ណាល័យ និងបណ្ណសារដ្ឋាន។ អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដឹកនាំដោយអគ្គនាយក០១រូប និងមានអគ្គនាយករងជាជំនួយការ។
ខ-តួនាទី
អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ មានតួនាទីផ្តល់សេវាគាំទ្រលើកកម្ពស់ប្រសិទ្ធភាពមុខងារព្រឹទ្ធសភា ផ្តល់សេវាការគ្រប់គ្រង ផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសាធារណៈ របស់ព្រឹទ្ធសភាឱ្យសាធារណជនស្គាល់ ដឹង យល់អំពីសកម្មភាព និងកិត្យានុភាពរបស់ព្រឹទ្ធសភា និងមានទំនាក់ទំនងជាមួយនឹងព្រឹទ្ធសភា។
គ-ភារកិច្ច
-
- គ្រប់គ្រងលើដំណើរការងារទូទៅរបស់អគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
- រ៉ាប់រងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានគ្រប់សកម្មភាពការងាររបស់ព្រឹទ្ធ សភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនសាធារណជនជ្រាប។
- តាមដានដកស្រង់ព័ត៌មានជាតិ អន្តរជាតិសំខាន់ៗជូនព្រឹទ្ធសភា និងអគ្គលេខាធិ ការដ្ឋានព្រឹទ្ធសភា។
- ទំនាក់ទំនងសាធារណៈ និងប្រាស្រ័យឆ្លើយឆ្លងពង្រីកការយល់ដឹងរបស់សាធារណជន និងអង្គបោះឆ្នោតចំពោះព្រឹទ្ធសភា។
- ទទួលបន្ទុកការងារគ្រប់គ្រងបណ្តុះបណ្តាល និងអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT)របស់ព្រឹទ្ធសភា។
- ផ្តល់សេវាបណ្ណាល័យ និងបណ្ណសារដ្ឋានជូនសមាជិក សមាជិកាព្រឹទ្ធសភា មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសាធារណជនចូលអាន សិក្សាស្រាវជ្រាវ និងគ្រប់គ្រងថែរក្សាតម្កល់ទុកឯកសាររបស់ព្រឹទ្ធសភា។
- រៀបចំផែនការ (រយៈពេលខ្លី-មធ្យម-វែង) សម្រាប់គ្រប់គ្រង និងអភិវឌ្ឍអគ្គនាយកដ្ឋាន ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពការងារ។
- ទទួលរ៉ាប់រងកសាងគម្រោងថវិកាតាមកម្មវិធីប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំរបស់អគ្គនាយកដ្ឋាន។
- ស្រាវជ្រាវកែលម្អអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រដ្ឋបាលអេឡិចត្រូនិក ប្រព័ន្ធរូបភាព ប្រព័ន្ធសំឡេង ការផ្សព្វផ្សាយតាមបណ្តាញសង្គម សន្តិសុខបច្ចេកវិទ្យា ព័ត៌មាន បណ្ណាល័យ និងបណ្ណសារអេឡិចត្រូនិច ការងារព័ត៌មាន ការផលិតខែ្សវីដេអូ បោះពុម្ព និងនវានុវត្តន៍
- ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅប្រចាំខែ ត្រីមាស ឆមាសនព្វមាស និងឆ្នាំ
- គ្រប់គ្រងសារពើភណ្ឌសម្ភារ និងធនធានមនុស្សរបស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រងបណ្តុះបណ្តាលមន្ត្រី បុគ្គលិក និងអភិវឌ្ឍវិស័យជំនាញរបស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យរបស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រង អនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ គោលនយោបាយស្តីពីការគ្រប់គ្រងធនធានមនុស្ស។
- បំពេញការងារផេ្សងៗទៀត ដែលថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានប្រគល់ជូន។
-អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី
ក-រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ អគ្គនាយកដ្ឋានចែកជា៦អង្គភាព មាននាយកដ្ឋាននីតិវិធី នាយកដ្ឋានភូមិភាគនិងសមូហភាពដែនដី លេខាធិការដ្ឋានអមគណៈកម្មការទាំង១០ លេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា លេខាធិការដ្ឋានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភា និងលេខាធិការដ្ឋានអមអ្នកនាំពាក្យរបស់ព្រឹទ្ធសភា ។ អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយក០១រូបនិងមានអគ្គនាយករងជាជំនួយការ ។
ខ-តួនាទី
អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី មានតួនាទីផ្ដល់សេវាបច្ចេកទេស នីតិវិធី កំណត់ហេតុប្រជុំ សេវាឯកសារគតិយុត្ត ទិន្នន័យច្បាប់ និងសេវាទ្រទ្រង់សកម្មភាពរបស់គណៈកម្មការនិងក្រុមនានារបស់ព្រឹទ្ធសភា ដើម្បីឱ្យព្រឹទ្ធសភាបំពេញបាននូវមុខងារស្នូលទាំងបី គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ។
គ-ភារកិច្ច
-
- រៀបចំប្រតិទិនការងាររបៀបវារៈ នីតិវិធី ដំណើរការកិច្ចប្រជុំ និងធ្វើកំណត់ហេតុ ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងសម័យប្រជុំព្រឹទ្ធសភា ។
- តាក់តែងឯកសារគតិយុត្តនិងលិខិតផ្សេងៗពាក់ព័ន្ធនឹងកិច្ចដំណើរការនិងលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ សម័យប្រជុំព្រឹទ្ធសភា គណៈកម្មការ និងក្រុមនានា របស់ព្រឹទ្ធសភា ព្រមទាំងលិខិតឆ្លើយឆ្លងរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភាក្នុងក្របខ័ណ្ឌការងារនៃវិស័យជំនាញ ។
- ផ្គត់ផ្គង់ឯកសារគតិយុត្តនិងទិន្នន័យច្បាប់ ។
- ធ្វើជាសេនាធិការរបស់អគ្គលេខាធិការនិងលេខាធិការសម័យប្រជុំក្នុងពេលប្រជុំនីមួយៗ ។
- ធ្វើកំណត់ហេតុ ឬរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ជំនួបពិភាក្សាការងារ ការរៀបចំវេទិកា សិក្ខាសាលា កិច្ចពិគ្រោះយោបល់ និងបេសកកម្មរបស់គណៈកម្មការនិងក្រុមនានារបស់ព្រឹទ្ធសភា ។
- ផ្តល់សេវារដ្ឋបាល បច្ចេកទេសគតិយុត្ត និងព័ត៌មានជូនគណៈកម្មការនិងក្រុមនានារបស់ព្រឹទ្ធសភា ។
- ធ្វើរបាយការណ៍ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងរបស់គណៈកម្មការទាំង១០ ។
- សិក្សាវិភាគនិងរៀបចំតារាងសង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័នរាជរដ្ឋាភិបាលតាមវិស័យ និងធ្វើរបាយការណ៍តាមវិស័យរបស់គណៈកម្មការនានា ។
- រៀបចំជំនួបពិភាក្សាការងាររបស់គណៈកម្មការនិងក្រុមនានាជាមួយក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រៀបចំវេទិកា សិក្ខាសាលា កិច្ចពិគ្រោះយោបល់ និងពិធីសំណេះ សំណាលផ្សេងៗនៅតាមភូមិភាគ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។
- ចងក្រងនិងបោះពុម្ពលិខិតបទដ្ឋានគតិយុត្ដ កំណត់ហេតុ និងឯកសារផ្សេងៗពាក់ព័ន្ធនឹងការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍និងអង្គប្រជុំព្រឹទ្ធសភា ។
- ប្រមូលចងក្រងលទ្ធផលការងាររបស់គណៈកម្មការនិងក្រុមនានារបស់ព្រឹទ្ធសភា ប្រចាំឆ្នាំ ។
- រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការថវិកាតាមកម្មវិធីរបស់អគ្គនាយកដ្ឋាន ។
- រ៉ាប់រងការងាររដ្ឋបាលនិងបច្ចេកទេសរបស់អគ្គនាយកដ្ឋាន ។
- គ្រប់គ្រងប្រព័ន្ធ Network និងប្រព័ន្ធរក្សាទុកទិន្នន័យ (NAS) របស់អគ្គនាយកដ្ឋាន ។
- គ្រប់គ្រងសារពើភណ្ឌធនធានមនុស្សនិងសម្ភាររបស់អគ្គនាយកដ្ឋាន ។
- គ្រប់គ្រង បណ្ដុះបណ្ដាលមន្ដ្រីរាជការនិងអភិវឌ្ឍវិស័យជំនាញរបស់អគ្គនាយកដ្ឋាន ។
- គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យរបស់អគ្គនាយកដ្ឋាន ។
- គ្រប់គ្រងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ គោលនយោបាយស្តីពី ការគ្រប់គ្រងធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។
- បំពេញការងារផ្សេងៗទៀតដែលអគ្គលេខាធិការដ្ឋានប្រគល់ឱ្យ
-អគ្គនាយកដ្ឋានស្រាវជ្រាវ
ក-រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋានស្រាវជ្រាវ ជាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អគ្គនាយកដ្ឋាននេះចែកជា ៤នាយកដ្ឋាន គឺនាយកដ្ឋានស្រាវជ្រាវច្បាប់ នាយកដ្ឋានស្រាវជ្រាវកិច្ចការសភា នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គម និងនាយកដ្ឋានស្រាវជ្រាវថវិកា។ អគ្គនាយកដ្ឋានស្រាវជ្រាវដឹកនាំដោយអគ្គនាយក ១រូប និងមានអគ្គនាយករងជាជំនួយការ។
ខ-តួនាទី
អគ្គនាយកដ្ឋានស្រាវជ្រាវ មានតួនាទីផ្តល់សេវាសិក្សាស្រាវជ្រាវ និងព័ត៌មានផ្នែកច្បាប់ កិច្ចការទូទៅតាមវិស័យ ថវិកា និងកិច្ចការសភា ដើម្បីគាំទ្រដល់ការប្រតិបត្តិមុខងារស្នូលទាំង៣ របស់ព្រឹទ្ធសភា។
គ-ភារកិច្ច
-
- ផ្តល់សេវាសិក្សាស្រាវជ្រាវ វិភាគ ផ្ដល់យោបល់ និងរៀបចំជំនួយស្មារតីលើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងបញ្ហាទាំងពួង
- ផ្តល់សេវាសិក្សាស្រាវជ្រាវ វិភាគ និងផ្តល់យោបល់ផ្នែកច្បាប់ សេដ្ឋកិច្ច សង្គម កិច្ចការសភា និងថវិកា
- ទំនាក់ទំនង និងធ្វើសហប្រតិបត្ដិការទាំងក្នុង និងក្រៅស្ថាប័ន ដើម្បីបម្រើឱ្យការងារស្រាវជ្រាវ
- ចងក្រងឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងៗ
- ធ្វើផែនការ កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុរបស់អគ្គនាយកដ្ឋាន
- គ្រប់គ្រងប្រព័ន្ធបណ្តាញ និងមូលទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា
- គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរបស់អគ្គនាយកដ្ឋាន
- គ្រប់គ្រង និងថែទាំសម្ភារ បរិក្ខាររបស់អគ្គនាយកដ្ឋាន
- គ្រប់គ្រង និងថែរក្សាសណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យផ្ទៃក្នុងអគ្គនាយកដ្ឋាន
- គ្រប់គ្រងការអនុវត្តបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលនយោបាយ ផ្សេងៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពង្រឹងវិន័យ ប្រសិទ្ធភាពការងារ និងសុខដុមនីយកម្មផ្ទែក្នុង
- បំពេញការងារផ្សេងៗទៀតដែលអគ្គលេខាធិការដ្ឋានប្រគល់ឱ្យ។
-អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ
ក-រចនាសម្ព័ន្ធ
អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ជាសេនាធិការផ្ទាល់របស់អគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា។ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ដឹកនាំដោយអគ្គ នាយក ១រូប និងអគ្គនាយករងជាជំនួយការតាមការចាំបាច់។ អគ្គនាយកដ្ឋានពិធីការ និង ទំនាក់ទំនងអន្តរជាតិ មាននាយកដ្ឋាន ចំនួន ៣ (១) នាយកដ្ឋានពិធីការ (២) នាយកដ្ឋាន ទំនាក់ទំនងអន្តរជាតិ (៣) នាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ។ នាយកដ្ឋានទាំងបីស្ថិត នៅក្រោមការដឹកនាំគ្រប់គ្រងផ្ទាល់របស់អគ្គនាយក។
ខ-តួនាទី
អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិទទួលបន្ទុកស្រាវជ្រាវកិច្ចការអន្តរជាតិ ផ្តល់សេវាការងារអន្តរជាតិក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គការអន្តរសភាតំបន់-អន្តរជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសភា នៃប្រទេសនានាជុំវិញសកលលោក អង្គទូត អង្គការជាតិ-អន្តរជាតិ និងអង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពវិស័យការទូតសភា តាមរយៈធ្វើ សមាហរណកម្មព្រឹទ្ធសភាឱ្យកាន់តែទូលំទូលាយក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ និងទទួល បន្ទុកការងារពិធីការជាតិ-អន្តរជាតិ ប្រពៃណី និងពិធីសាសនា។
គ-ភារកិច្ច
-
- ផ្តល់សេវារៀបចំពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា ប្រជុំពេញអង្គ វិសាមញ្ញ ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ និងវេទិកាថ្នាក់ជាតិ-អន្តរជាតិ។
- រ៉ាប់រងផ្តល់សេវាផ្នែកពិធីការជាតិ-អន្តរជាតិ និងពិធីសាសនា។
- សហការជាមួយស្ថាប័នពាក់ព័ន្ធធានាផ្តល់សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីជាតិ-អន្តរជាតិ និងជូនគណៈប្រតិភូបរទេស។
- រ៉ាប់រងធ្វើលិខិតថ្វាយព្រះពរ ជូនពរ អបអរសាទរថ្វាយព្រះមហាក្សត្រ ព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំជាតិ។
- សិក្សាកែលម្អសេវាផ្នែកពិធីការឱ្យបានកាន់តែល្អប្រសើរ តាមរយៈការកសាង ស្តង់ដាអនុវត្តន៍ និងការបណ្តុះបណ្តាលជំនាញ។
- ផ្តល់សេវាជួយការងារក្រុមមិត្តភាពទ្វេភាគី និងពហុភាគីព្រឹទ្ធសភាជាមួយ សភាប្រទេសនានា និងអង្គការសភា ព្រមទាំងផ្តល់សេវាទំនាក់ទំនងផ្នែករដ្ឋបាល ជាមួយបណ្តាសភា និងអង្គការសភាអន្តរជាតិ។
- រ៉ាប់រងផ្តល់សេវាជូនគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស និងទទួលដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូសភានានានៅកម្ពុជា។
- ធ្វើការសិក្សាស្រាវជ្រាវពីវឌ្ឍនភាពរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច-សង្គម នយោបាយ និងស្ថានភាពវិវត្តន៍របស់អន្តរជាតិសម្រាប់បម្រើឱ្យការងារកសាង ឯកសារជំនួយស្មារតី សុន្ទរកថា និងបទអន្តរាគមន៍។
- ផ្តល់អនុសាសន៍ និងយុទ្ធសាស្រ្តសម្រាប់ការលើកកម្ពស់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី សំដៅលើក កម្ពស់កិត្យានុភាព និងការអភិវឌ្ឍរបស់ស្ថាប័ន។
- ផ្តល់សេវាស្រាវជ្រាវកិច្ចការអន្តរជាតិ។
- កសាងផែនការយុទ្ធសាស្រ្ត ផែនការថវិកាប្រចាំឆ្នាំ និងបូកសរុបរបាយ- ការណ៍របស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រងប្រព័ន្ធ Network និងប្រព័ន្ធរក្សាទុកទិន្ន័យ (NAS) របស់អគ្គ នាយកដ្ឋាន។
- គ្រប់គ្រងសារពើភ័ណ្ឌធនធានមនុស្ស និងសម្ភារៈរបស់អគ្គនាយកដ្ឋាន។
- គ្រប់គ្រង បណ្តុះបណ្តាលមន្រ្តី បុគ្គលិក និងអភិវឌ្ឍវិស័យជំនាញរបស់អគ្គ- នាយកដ្ឋាន។
- គ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យរបស់អគ្គនាយកដ្ឋាន។
- គោរព និងគ្រប់គ្រងការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ គោល នយោបាយ ស្តីពីការគ្រប់គ្រងធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា។
- បំពេញការងារផ្សេងៗទៀត ដែលថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានប្រគល់ឱ្យ។
-អគ្គាធិការដ្ឋាន
ក-រចនាសម្ព័ន្ធ
អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការ០១រូប និងអគ្គាធិការរងជាជំនួយការ អគ្គាធិការដ្ឋាន មាន០២នាយកដ្ឋាន និងមាន០៤ការិយាល័យ។ ១-នាយកដ្ឋានគ្រប់គ្រងផ្ទៃក្នុង មាន២ការិយាល័យគឺៈ ការិយាល័យត្រួតពិនិត្យកិច្ចការទូទៅ និងការិយាល័យ ត្រួតពិនិត្យផែនការ និងគោលនយោបាយ។ ២-នាយកដ្ឋានសង្គមកិច្ច និងការផ្ដល់សេវា មាន២ការិយាល័យគឺៈ ការិយាល័យត្រួតពិនិត្យសង្គមកិច្ច និងការិយាល័យត្រួតពិនិត្យការផ្ដល់សេវា ។
ខ-តួនាទី
អគ្គាធិការដ្ឋាន ជាសេនាធិការរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការត្រួតពិនិត្យវាយតម្លៃ និងផ្ដល់យោបល់ ដើម្បីកែលំអរសកម្មភាពអនុវត្ដការងាររបស់អង្គភាពទាំងអស់ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អោយត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុង តាមគោលការណ៍ តាមច្បាប់ និងលិខិតបទដ្ឋាននានា និងមានប្រសិទ្ធភាព។
គ-ភារកិច្ច
-
- ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ដច្បាប់ បទបញ្ជាផ្ទៃក្នុង និងច្បាប់នានារបស់អគ្គ-លេខាធិការដ្ឋានព្រឹទ្ធសភា
- ចូលរួម និងផ្ដល់យោបល់លើដំណើរការកសាង និងត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ដគោលនយោបាយ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ចូលរួម និងផ្ដល់យោបល់លើដំណើរការកសាង និងត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្រ្ដ និងផែនការប្រតិបត្ដិប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋាន និងរបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ត្រួតពិនិត្យវាយតម្លៃ និងផ្ដល់យោបល់លើការផ្ដល់សេវាលើមុខងារទាំង៥ ជូនអគ្គលេខាធិ-ការដ្ឋានព្រឹទ្ធសភា
- ត្រួតពិនិត្យវាយតម្លៃ និងផ្ដល់យោបល់លើការផ្ដល់សេវាជំនាញនានាលើការងារស្នូល និងគាំទ្ររបស់អង្គភាព ចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនសមាជិក សមាជិកាព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋាន
- ត្រួតពិនិត្យវាយតម្លៃ និងផ្ដល់យោបល់លើការងារសង្គមកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ត្រួតពិនិត្យ និងវាយតម្លៃលើការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងបរិស្ថាន អនាម័យ ទូទៅក្នុងបរិវេណព្រឹទ្ធសភា
- ត្រួតពិនិត្យលើបាតុភាពវិវាទផ្សេងៗក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ចូលរួមចំណែកក្នុងការងារអភិបាលកិច្ច ក្នុងអគ្គលេខាធិការព្រឹទ្ធសភា
- បំពេញភារកិច្ចដោយឡែកចាំបាច់មួយចំនួនតាមការណែនាំរបស់អគ្គលេខាធិការ។