អង្គការលេខ
ភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបញ្ញត្តិដោយមាត្រា១១២ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា ។
ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញកិច្ចការរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន (វាក្យខ័ណ្ឌទី១ មាត្រា៩៩ថ្មី នៃរដ្ឋធម្មនុញ្ញ) ។
ក្នុងនាមជាចំណែកមួយនៃអង្គនីតិប្បញ្ញត្តិ ព្រឹទ្ធសភា មានមុខងារសំខាន់ៗ ដូចខាងក្រោម ៖
១. មុខងារនីតិកម្ម
ការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ព្រឹទ្ធសភាអនុវត្តន៍តាមបទប្បញ្ញត្តិមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ ។
ជាទូទៅការពិនិត្យ និងឲ្យយោបល់ ផ្តើមឡើងដោយការបង្ហាញរបាយការណ៍របស់គណៈកម្មការ ការឆ្លើយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាល ម្ចាស់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង (ប្រការ៥៧ នៃបទបញ្ជាផៃ្ទក្នុងព្រឹទ្ធសភា) ។
មាត្រា៩១ថ្មី វាក្យខ័ណ្ឌទី១នៃរដ្ឋធម្មនុញ្ញ បានចែងថា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់។ ព្រមជាមួយនេះ តាមការបកស្រាយ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ បានបញ្ជាក់នៅត្រង់វាក្យខ័ណ្ឌទី១ « សមាជិកព្រឹទ្ធសភាមួយរូប ឬច្រើនរូប មានសិទ្ធិផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ និងធ្វើវិសោធនកម្មច្បាប់ណាមួយដែលកំពុងនៅជាធរមាន » ។ ប៉ុន្តែ ពុំមានសិទ្ធិលើកសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ (មាត្រា១៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ) ។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់រៀបចំអង្គការទាំងឡាយ ត្រូវតែបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងប្រកាសឲ្យប្រើ ។
មាត្រា១១០ថ្មី វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញបានចែងថា ប្រធានព្រឹទ្ធសភាដឹកនាំអង្គប្រជុំរបស់ព្រឹទ្ធសភា ទទួលអាញត្តិច្បាប់ និងសេចក្តីសម្រេចចិត្តទាំងឡាយ ដែលព្រឹទ្ធសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និងចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់ព្រឹទ្ធសភា។
• សម្គាល់ ៖
ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១៩ ព្រឹទ្ធសភា បានផ្តួចផ្តើមគំនិត និងចូលរួមធ្វើសេចក្តីស្នើច្បាប់ ដូចខាង ក្រោម ៖
១- ច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ(ឆ្នាំ២០០៣) ។
២- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥ និង២០១៧) ។
៣- ច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា(ឆ្នាំ២០០៨)។
៤- ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា (ឆ្នាំ២០១១)។
៥- បទបញ្ជាផ្ទៃក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា(ឆ្នាំ២០១១) ។
ព្រឹទ្ធសភាបានស្នើសុំកែសម្រួលសេចក្តីព្រាងច្បាប់ ដូចខាងក្រោម ៖
១- សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី និងអតីតយុទ្ធជន (មាត្រា៣ សុំឱ្យលុបចោលពាក្យ “ជានារី” ) ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រអមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ (មាត្រា៣ ចំណុចទី៤ នៃជំពូកទី១ សុំដាក់ថា “ មិនដែលមានទោសជាប់ពន្ធនាគារពីបទមជ្ឈឹមឬបទឧក្រិដ្ឋណាមួយ ” )។
ដោយឡែកសេចក្តីព្រាងច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រឹដ្ឋ ត្រូវបានព្រឹទ្ធសភាបដិសេធជាអសារបង់ ។
២. មុខងារតាមដានការអនុវត្តច្បាប់
ដើម្បីបំពេញមុខងារតាមដានការអនុវត្តច្បាប់ ព្រឹទ្ធសភាមានគណៈកម្មការចំនួន១០ ទទួលខុសត្រូវតាមវិស័យជាសមត្ថកិច្ចរបស់ខ្លួន ។ គណៈកម្មការនីមួយៗ បំពេញការងារទៅតាមតួនាទី ភារកិច្ច និងសមត្ថកិច្ច ដែលកំណត់ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ។ គណៈកម្មការនីមួយៗ មានផែនការសកម្មភាពរបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ។ ជាពិសេសនៅចន្លោះសម័យប្រជុំនីមួយៗ គណៈកម្មការតែងចុះទៅបំពេញមុខងារនេះ តាមក្រសួង មន្ទីរ រាជធានី ខេត្ត ដើម្បីពិនិត្យមើលការអនុវត្តច្បាប់ និងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ពិនិត្យ និងសម្រេច ។
ព្រឹទ្ធសភា ពុំមានសិទ្ធិកោះអញ្ជើញសមាជិករាជរដ្ឋាភិបាល មកសួរដេញដោលចំពោះមុខគណៈកម្មការ ឬក្នុងសម័យប្រជុំពេញអង្គ លើបញ្ហាបច្ចុប្បន្នភាពណាមួយដូចរដ្ឋសភាឡើយ ។ ប៉ុន្តែនៅពេលពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ គណៈកម្មការមានសិទ្ធិអញ្ជើញសមាជិករាជរដ្ឋាភិបាល ឬម្ចាស់សេចក្តីព្រាងច្បាប់ មកបំភ្លឺចំពោះមុខគណៈកម្មការ និងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាបាន ។
៣. មុខងារតំណាង
សមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធសភា គឺជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាង ឱ្យភូមិភាគរបស់ខ្លួននោះទេ (មាត្រា២ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា) ។
មាត្រា១០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែង នៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ។
ភាពជាតំណាង ក្រុមប្រឹក្សា ឃុំ សង្កាត់ នាំឱ្យព្រឹទ្ធសភាមានបេសកកម្មផ្ទាល់របស់ខ្លួន ក្នុងលក្ខណៈជាពិសេសមួយ ដោយត្រូវផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងកិច្ចការពារ និង លើកតម្កើងផលប្រយោជន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ទូទាំងប្រទេស រួមទាំងភូមិភាគទាំង៨ទៀតផង ។ ដូច្នេះ ព្រឹទ្ធសភា មានកាតព្វកិច្ចចូលរួមចំណែកយ៉ាងខ្ជាប់ខ្ជួន ក្នុងការតាមដានមើលការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺជួយជំរុញធ្វើឲ្យមានការអភិវឌ្ឍ បានត្រឹមត្រូវតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។
ក្នុងចន្លោះសម័យប្រជុំ សមាជិកព្រឹទ្ធសភា ក៏ដូចជាសមាជិកគណៈកម្មការនានា ត្រូវបំពេញការងារជាប្រក្រតី ក្នុងព្រឹទ្ធសភា និងចុះទៅប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មានជូនតំណាងរបស់ខ្លួន អំពីសកម្មភាពការងាររយៈពេល បីខែ ក្នុងសម័យប្រជុំនីមួយៗ ព្រមទាំងឈ្វេងយល់លម្អិតអំពីសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោត នៅក្នុងមណ្ឌលភូមិភាគរបស់ខ្លួន ។ ជាទូទៅ ការអនុវត្តជាក់ស្តែងរបស់ព្រឹទ្ធសភាកន្លងមកនេះ ដើម្បីបំពេញមុខងារតំណាងឱ្យបានសមស្រប ក្រុមសមាជិកព្រឹទ្ធសភាតាមភូមិភាគនីមួយៗ តែងចុះទៅប្រាស្រ័យ ទាក់ទងការងារផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងភូមិភាគរបស់ខ្លួន ដើម្បីរៀបចំវេទិកាថ្នាក់ភូមិភាគ ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយកំណត់នូវប្រធានបទបច្ចុប្បន្នភាពជាក់លាក់ និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ ព្រមទាំងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ពិនិត្យ សម្រេចនៅក្នុងសម័យប្រជុំបន្ទាប់ ។
ដោយឡែក ក្រុមសមាជិកាព្រឹទ្ធសភា បានសកម្មបំពេញភារកិច្ចរបស់ខ្លួន នៅតាមមូលដ្ឋាននៃភូមិភាគទាំង៨ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងចំពោះស្រ្តី និងកុមារ សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងតាមរយៈការរៀបចំកម្មវិធីវេទិកា កិច្ចប្រជុំពិគ្រោះយោបល់ផ្សេងៗ ព្រមទាំងសកម្មភាពមនុស្សធម៌ ផ្តល់នូវអំណោយជា សម្ភារៈ ថវិកា ការនាំក្រុមគ្រូពេទ្យចុះព្យាបាលជំងឺ ជូនស្រ្តីក្រីក្រ ជនចាស់ជរា និងកុមារ ។
៤. មុខងារសហប្រតិបត្តិការអន្តរជាតិ
ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាបានបំពេញការងារយ៉ាងសកម្ម ក្នុងការចូលរួមអនុវត្តកាតព្វកិច្ចអន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភា និងអង្គការសភានានាក្នុងតំបន់ និងពិភពលោក ។ ក្នុងគ្រប់នីតិកាល ព្រឹទ្ធសភាបានចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាកម្លាំងស្នូលនៃការអភិវឌ្ឍស្ថាប័ន ។
៥. មុខងារអភិវឌ្ឍស្ថាប័ន
ព្រឹទ្ធសភា មានមោទនភាពលើសមិទ្ធផលជាស្នាដៃ នៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន គួបផ្សំនឹងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃ ទាំងពហុរូបភាព និងពហុវិស័យ ដែលមិនអាចខ្វះបានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញ និងពង្រឹងសមត្ថភាពព្រឹទ្ធសភាទាំងផ្នែកធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន ។
អត្ថបទពាក់ព័ន្ធ ៖
តួនាទី ភារកិច្ច និងសមត្ថកិច្ចអគ្គលេខាធិការដ្ឋាន