នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យ៥,០០០,០០០៛ របស់អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលិខិតរំលែកមរណទុក្ខ ព្រមទាំងបច្ច័យ ៤,០០០,០០០៛ របស់គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមក្នុងពិធីបុណ្យសព ឧបាសក សុក កាន់ ត្រូវជាឪពុកបង្កើតលោកស្រី សុខ លាភា នាយិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី ក្នុងជន្នាយុ ៩១ឆ្នាំ ដោយជរាពាធ។
សពឧបាសកបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិស្ដីលើ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចូលរួមក្នុងពិធីផងដែរមាន លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក សុក ចាន់ថា ប្រធាន មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្ត លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាអនុប្រធាន និងសមាជិកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានសមាជិក សមាជិកាយ៉ាងច្រើនកុះករផងដែរ។សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ ឧបាសក សុក កាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន