នារសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធាន ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅសាលាស្រុករមាសហែក ដោយមានអ្នកចូលរួមសរុបចំនួន១១៣នាក់។ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណង ជួបផ្ទាល់ជាមួយអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ព្រមទាំងស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ឬតម្រូវការជាអាទិភាព ទិសដៅ និងការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដែលឃុំសង្កាត់នីមួយៗបានដាក់ចេញកន្លងមក និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន