ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានលើកឡើងថា ក្នុងនាម ឯកឧត្តមជាប្រធានស្តីទីក្រុម ពិតជាមានជំនឿយ៉ាងមុតមាំថា ពិធីសំណេះសំណាលនាពេលនេះ នឹងផ្តល់នូវធាតុចូលដែលជាគុណតម្លៃដ៏ល្អប្រសើរបន្ថែមជូនដល់ថ្នាក់ដឹកនាំក្រុង អាជ្ញាធរពាក់ព័ន្ធ និងជាពិសេសសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកដល់ការជំរុញអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ នៅថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ។ការលើកឡើងបែបនេះ ក្នុងឱកាសដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម អញ្ជើញដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង អាជ្ញាធរពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៣នៃក្រុងដូនកែវ ដោយមានអ្នកចូលរួមសរុបចំនួន៧៨នាក់ នារសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាក្រុងដូនកែវ ខេត្តតាកែវ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ ខេត្តតាកែវ ប្រកបដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអង្គពិធីអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា។ឯកឧត្តមបានជម្រាបជូនសមាជិកសមាជិកានៃអង្គពិធីបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់នូវអាទិភាពការងារចម្បងចំនួនពីរក្នុងនីតិកាលទី៥នេះ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ថែមលើមុខងារស្នូលទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាងផងដែរ។ឯកឧត្តមប្រធានស្តីទី បានបន្ថែមថា គោល បំណងនៃពិធីសំណេះសំណាលនាឱកាសនេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង ជាពិសេសអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៣ នៃក្រុងដូនកែវ ខេត្តតាកែវ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ឈ្វេងយល់ការរីកចម្រើនគ្រប់វិស័យរបស់មូលដ្ឋាន និងចង់ដឹងអំពីបញ្ហាប្រឈម ដំណោះស្រាយផ្សេងៗ និងសំណូមពរពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារលទ្ធកម្មមូលដ្ឋាន ការងារហេដ្ឋានរចនាសម្ព័ន្ធមូលដ្ឋាន ព្រមទាំងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ទៃទៀតរបស់រាជរដ្ឋាភិបាល នឹងនាំយកបញ្ហាប្រឈម សំណូមពរផ្សេងៗរបស់ក្រុមប្រឹក្សាសង្កាត់ គោរពរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីផ្តល់អនុសាសន៍ជូនក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយបន្ត។ឯកឧត្តមប្រធានស្តីទី បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រុង ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃក្រុងដូនកែវ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការថែរក្សាការពារសន្តិភាពក្នុងមូលដ្ឋាន បន្តបម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
ប្រភព៖ នាយកដ្ឋានព័ត៌មាន