ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួបជាមួយឯកឧត្តម Raffy Tulfo ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាហ្វីលីពីន, និងប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍ នៃព្រឹទ្ធសភាហ្វីលីពីន នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានទទួលជួបឯកឧត្តម Raffy Tulfo, ព្រឹទ្ធសមាជិកនៃព្រឹទ្ធសភាហ្វីលីពីន និងជាប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍នៃព្រឹទ្ធសភាហ្វីលីពីន នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូហ្វីលីពីន បានពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងអន្តរសភា រួមមានការជំរុញការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត។ ភាគីទាំងពីរ ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត ជាបញ្ហាកំពុងកើតឡើងធ្ងន់ធ្ងរ របស់តំបន់ និងពិភពលោក មិនមែនសម្រាប់តែប្រទេសណាមួយទេ។ ភាគីទាំងពីរ បានឯកភាពរិះរកវិធីដើម្បីពង្រឹងវិធានការណ៍ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិតរួមមានការប្រើប្រាស់យន្តការទំនាក់ទំនងរវាងក្រសួង/ស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ និងពិចារណាបង្កើតក្រុមមិត្តភាពសភារវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលកើតឡើងមានឱ្យមានប្រសិទ្ធិភាពខ្ពស់។
ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ